(រតនគិរី)៖ បន្ទាប់ពីការរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ក្រុងបានលុង ខេត្តរតនគិរី លើមនុស្សពីរនាក់ ប្ដីប្រពន្ធ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ សម្រាប់ខេត្តរតនគីរី ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានចុះស្រាវជ្រាវពិនិត្យសំណាកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ១៩ បានរកឃើញអ្នកដែលឆ្លងជាបន្តបន្ទាប់គួរឱ្យបារម្ភ។

ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ១៩ ឆ្លងចូលតំបន់ផ្សេងទៀត នៅក្នុងក្រុងបានលុង និងទឹកដីខេត្តរតនគិរីទាំងមូល រដ្ឋបាលសាលាខេត្តរតនគិរី បានរៀបចំគូសវាសតាមមូលដ្ឋានឱ្យចំគោលដៅដែលមានអ្នកផ្ទុកមេរោគកូវីដ១៩ ដើម្បីដាក់ជាតំបន់ហាមឃាត់មិនឱ្យប្រជាពលរដ្ឋចេញចូលដោយគ្មានការចាំបាច់។

បើតាមការឱ្យដឹងពីលោក ងិន ណែល អភិបាលក្រុងបានលុង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ថា «បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅនេះ ជាលក្ខណៈទ្រង់ទ្រាយធំលើកដំបូង សម្រាប់ខេត្តរតនគីរី រដ្ឋបាលក្រុងបានរៀបចំដាក់ផែនការណ៍ទៅដល់អាជ្ញាធរសង្កាត់ទាំង៤ ដើម្បីស្រាវជ្រាវរកតំបន់ដែលផ្ទុះវិជ្ជមានកូវីដ នៅតាមសង្កាត់នីមួយៗ ជាការរៀបចំយ៉ាងម៉ឺងម៉ាត់ញែកដាច់ដោយឡែកទុកជាតំបន់លឿងទុំហើយអាជ្ញាធរក្រុង និងក្រុមការងារចម្រុះរបស់ក្រុងកំពុងតែអនុវត្តផែនការបិទខ្ទុបតំបន់ទាំងនោះ រយៈពេល១៤ថ្ងៃ បណ្ដោះអាសន្នមិនឱ្យមានចរាចរណ៍ចេញចូលដោយគ្មានការអនុញ្ញាត និងគោលដៅច្បាស់លាស់នោះទេ»។

លោកថា បច្ចុប្បន្នចំពោះផ្សារក្រុងបានលុង ត្រូវបានបិទច្រកចេញចូលហើយមិនអនុញ្ញាតឱ្យបើកផ្សារក្នុងដើម្បីលក់គ្រឿងសម្ភារៈរបស់របរប្រើប្រាស់នោះទេ គឺអនុញ្ញាតឱ្យលក់បន្លែ ត្រី សាច់ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយទុកផ្លូវតែមួយច្រកខាងមុខផ្សារប៉ុណ្ណោះ។

លោកអភិបាលក្រុងរូបនេះ ក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន តំបន់ដែលចាត់ទុកជាតំបន់លឿងទុំ ហើយកំពុងអនុវត្តបិទផ្ទុបនាពេលនេះគឺមានភូមិជ័យជំនះ, ភូមិអភិវឌ្ឍន៍ និងភូមិអូរមៀត ដែលភូមិទាំងនេះ ស្ថិតនៅក្នុងសង្កាត់ឡាបានសៀក នៃក្រុងបានលុង ដែលបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ច្រើនជាងគេ។

លោក ងិន ណែល ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលសូមឱ្យប្រញាប់រួសរាន់មកធ្វើតេស្តរកមេរោគកូវីដ១៩ ឱ្យបានគ្រប់ៗគ្នាជៀសវាងការទុកពន្យារពេលយូរធ្វើឱ្យមេរោគដ៏កាចសាហាវនេះ រីករាលដាលកាន់តែខ្លាំងក្នុងសហគមន៍បន្ថែមទៀត៕