(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-បារាំង បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ គ្រាដែលប្រទេសទាំងពីរត្រៀមកាន់តំណែងសំខាន់នៅពេលឆាប់ៗនេះ។
ការប្តេជ្ញារវាងកម្ពុជា-បារាំង បានធ្វើឡើង ក្នុងជំនួបរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅក្រសួងការបរទេស។
នៅក្នុងជំនួបរវាងភាគីទាំងពីរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបដល់ លោកស្រី Eva Nguyen Binh អគ្គរដ្ឋទូតបារាំងផុតអាណត្តិ អំពីការត្រៀមខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងការធ្វើជាប្រធានអាស៊ាន នាឆ្នាំ២០២២ ខាងមុខនេះ។
ជាកិច្ចឆ្លើយតប លោកស្រីវឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ថ្នាក់ដឹកនាំបារាំងមានបំណងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នៅកម្ពុជា។ ទន្ទឹមនេះ លោកស្រីក៏បានជម្រាបជូនផងដែរថា ប្រទេសបារាំងនឹងធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ចាប់ពីខែមករា ដល់ចុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា៖ «ក្នុងន័យនេះ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងក្នុងនាមបារាំងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានយល់ស្របគ្នា ថានឹងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងអង្គការតំបន់ទាំងពីរ»។
ឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ លោកស្រី Eva Nguyen Binh ដែលត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបារាំង និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មសម្រាប់សកម្មភាពវប្បធម៌បារាំងនៅក្រៅប្រទេសផងដែរ។ លោកក៏បានបញ្ជាក់ពីការត្រៀមបន្តផ្តល់ការគាំទ្រ និងកិច្ចសហការជិតស្និទ្ធជូនចំពោះឯកអគ្គរដ្ឋទូត
បារាំងថ្មី ដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ។
លោកស្រី លោកស្រី Eva Nguyen Binh បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ក៏ដូចជាក្រសួង
ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ការគាំទ្រ និងជួយសម្រួលយ៉ាងពេញទំហឹងដល់បេសកម្មការទូតរបស់លោកស្រី នាពេលកន្លងមក។
ក្រសួងការបរទេសបានបញ្ជាក់ទៀតថា៖ «កិច្ចសន្ទនាបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាពកក់ក្តៅក្រៃលែង ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាយូរលង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង»៕