(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើសុំឱ្យ លោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ធ្វើរបាយការណ៍និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទរបស់កម្ពុជា។

ការស្នើបែបនេះរបស់មេសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបលើកដំបូងរវាងលោកជាមួយ លោក វីទិត មុនតាប៊ន តាមរយៈប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយបញ្ចប់ជំនួបរវាងលោក កែវ រ៉េមី និងលោក វីទិត មុនតាប៊ន ថាកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាលើកដំបូង ដោយផ្តោតលើចំណុចសំខាន់ចំនួន៣រួមមាន៖

*ទី១៖ វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ការងារជំនួយផ្នែកច្បាប់ និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

*ទី២៖ វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ១៩។

ពាក់ព័ន្ធបញ្ហានេះ លោក កែវ រ៉េមី បានធ្វើការឆ្លើយបំភ្លឺ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារ​អាយុជីវិត និងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ១៩ ផងដែរ ដោយផ្អែកលើការអនុវត្តវិធានការដូចគ្នានេះនៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងបរិបទ​សង្គមរបស់កម្ពុជា។

ទី៣៖ លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។

ពាក់ព័ន្ធបញ្ហានេះ បើតាមលោក ជិន ម៉ាលីន បានឱ្យដឹងថា លោក កែវ រ៉េមី បានធ្វើការបង្ហាញពីវឌ្ឍនភាពនៃដំណើការ​ទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្ម​ច្បាប់ស្តីពី​សមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការបង្កើត និងធ្វើសកម្មភាពដោយសេរីរបស់បក្សនយោបាយនិងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយវិធានការ​ច្បាប់លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួនដែលបំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការ​អនុវត្តនីតិរដ្ឋ៕