(វ៉ាស៊ីនតោន)៖ លោក គីម ជុងអ៊ុន កាលពីសប្ដាហ៍មុនបាននិយាយថាកូរ៉េខាងជើងត្រូវតែត្រៀមខ្លួន ដើម្បីដោះស្រាយជាមួយសហរដ្ឋអាមេរិកទាំងតាមផ្លូវការទូត និងការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា។ ការលើកឡើងបែបនេះត្រូវបានគេមើលឃើញថាជាប្រតិកម្មឆ្លើយតបជាលើកដំបូងបំផុតទៅនឹងគោលនយោបាយចំពោះ កូរ៉េខាងជើងរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ហើយវាហាក់ដូចជាទទួលបានការសាទរពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលចាត់ទុកការកត់សម្គាល់របស់លោក គីម ជុងអ៊ុន ថាជាការបញ្ជូនសញ្ញាមួយគួរ ឱ្យចាប់អារម្មណ៍។
ក៏ប៉ុន្តែ នៅថ្ងៃអង្គារដើមសប្ដាហ៍នេះ ប្អូនស្រីបង្កើតលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូ ចុង ស្រាប់តែចេញមុខច្រានចោលកិច្ចចរចាជាមួយសហរដ្ឋអាមេរិកដោយបញ្ជាក់ថា រដ្ឋបាលលោក បៃដិន យល់ខុសពីអត្ថន័យដែលលោក គីម ចង់លើកឡើង។ មិនតែប៉ុណ្ណោះកាលពីថ្ងៃពុធ ទី២៣ ខែមិថុនាម្សិលមិញ ក្រសួងការបរទេសកូរ៉េខាងជើងក៏បាន ចេញមុខទាត់ចោលកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយសង្កត់ធ្ងន់ថាការស្វែងរក ឬការទំនាក់ទំនងជាមួយអាមេរិកនឹងខ្ជះខ្ជាយពេលវេលាឥតបានការ។
ដូច្នេះតើនេះមានន័យថាកូរ៉េខាងជើងពិតជាមិនចង់ចរចាជាមួយសហរដ្ឋអាមេរិកមែនឬ? ក្រុមអ្នកតាមដានស្ថានការណ៍កូរ៉េខាងជើងយល់ថាទីក្រុងព្យុងយ៉ាងនៅតែចង់ជួបចរចា ជាមួយសហរដ្ឋអាមេរិក សំដៅស្វែងរកជំនួយពីអន្តរជាតិ និងការបន្ធូរបន្ថយទណ្ឌកម្មដើម្បីសង្រ្គោះសេដ្ឋកិច្ចជាតិដែលកំពុងដុនដាប។ ការយល់ឃើញបែបនេះកើតមានឡើង បន្ទាប់ពីលោក គីម ជុងអ៊ុនផ្ទាល់កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ថាប្រទេសរបស់លោកកំពុងជួបវិបត្តិស្បៀងអាហារដែលបង្កឡើងដោយ COVID-19 និងព្យុះទីហ្វុង។
យ៉ាងណាក៏ដោយ អ្វីដែលសំខាន់ទោះជាមានកិច្ចចរចា ឬមិនមានកិច្ចចរចា ក៏គេមានការរំពឹងតិចតួចណាស់ថាកូរ៉េខាងជើងនឹងបោះបង់ចោល ឬឈប់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ពោលគឺកិច្ចចរចាគ្រាន់តែជាមធ្យោបាយរក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង និងបន្ធូរបន្ថយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េតែប៉ុណ្ណោះ។
*ហេតុអ្វីកូរ៉េខាងជើង ជ្រើសរើសអាវុធនុយក្លេអ៊ែរ?
ចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ មកទល់នឹងបច្ចុប្បន្ន កូរ៉េខាងជើងនៅតែបន្តរស់នៅក្រោមភាពឯកោ និងទណ្ឌកម្មអន្តរជាតិដោយសារតែការបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិក និងអន្តរជាតិធ្លាប់បានសន្យាថាកូរ៉េខាងជើងនឹងមានអនាគតភ្លឺស្វាង បើសិនជាយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ គ្រួសារត្រកូលគីម តមកដល់ ជំនាន់លោក គីម ជុងអ៊ុននៅតែចាត់ទុកយោធា និងអាវុធនុយក្លេអ៊ែរជា «ខ្យល់ដកដង្ហើមរបស់ខ្លួន» ហើយមានហេតុផលមួយចំនួនទៀតដែលធ្វើឱ្យលោក គីមត្រូវការ អាវុធនុយក្លេអ៊ែរជាចាំបាច់ នោះគឺ៖
*ទុកកំញើញសត្រូវទាំងខាងក្រៅ និងខាងក្នុង
*ជាប្រភពនៃកិត្តិយសជាតិដោយលោក គីម យល់ថាមានអាវុធនុយក្លេអ៊ែរ ទើបអាចឱ្យកូរ៉េខាងជើងនិយាយជាមួយអាមេរិកដោយស្មើមុខស្មើមាត់ *លើកតម្កើនភាពជាមេដឹកនាំរបស់លោក,
*មានទម្ងន់ផ្នែកការទូតដោយអាចដាក់សម្ពាធដើម្បីទទួលបានសម្បទាន
*អាចបំផ្លាញសម្ពន្ធភាពរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តាមរយៈការធ្វើឱ្យកូរ៉េខាងត្បូងសង្ស័យថាតើអាមេរិកអាចជួយការពារទីក្រុងសេអ៊ូលបានយ៉ាងដូចម្ដេចនៅក្នុង ករណីអាមេរិកខ្លួនឯង ក៏រងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងដែរនោះ។
នៅក្រោមជំនាន់របស់លោក គីម ជុងអ៊ុន កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរជាច្រើន រហូតដល់អ្នកជំនាញយោធាអាមេរិកអះអាងថាទីក្រុងព្យុងយ៉ាងសព្វថ្ងៃ មានមីស៊ីលអន្តរទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដូចជាមីស៊ីល Hwasong-15 ជាដើមដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក ព្រមទាំងមានក្បាលគ្រាប់នុយក្លេអ៊ែរ ពី២០ ទៅ៦០គ្រាប់ ហើយថែមទាំងមានសមត្ថភាពផលិតគ្រាប់បែកនុយក្លេអ៊ែរ ៦គ្រាប់ ក្នុងមួយឆ្នាំទៀតផង។
ទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងសុទ្ធតែដឹងនៅក្នុងចិត្តជាមុនទៅហើយថាចង់ឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ប្រហែលជាមិនអាចទៅរួចទេ តែពួកគេគិតថា មានតែកិច្ចចរចាទេដែលអាចរក្សាទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង និងអាចបន្ធូរបន្ថយភាពតានតឹង ឬរក្សាស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េបាន។ ជាក់ស្ដែងនៅក្នុងគោលនយោបាយចំពោះកូរ៉េខាងជើងរបស់រដ្ឋបាលលោក ចូ បៃដិន មិនមានអ្វីខុសប្លែកខ្លាំងពីរដ្ឋបាលអាមេរិកមុនៗឡើយ ដោយលោកនៅតែសង្កត់ធ្ងន់ពី «ការរំសាយ អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ» ដដែល។
ឃ្លា «ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ» នេះ ក៏តែងតែត្រូវបានកូរ៉េខាងជើងលើកយកមកនិយាយដែរ។ ចំពោះទីក្រុងព្យុងយ៉ាង វាមានន័យថាពួកគេនឹងយល់ព្រម រំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ ទាល់តែកូរ៉េខាងត្បូងរំសាយអាវុធនុយក្លេអ៊ែរដូចគ្នា។ ប៉ុន្តែ កូរ៉េខាងត្បូងមិនមានអាវុធនុយក្លេអ៊ែរនោះទេ។ នៅត្រង់នេះអ្វីដែលកូរ៉េខាងជើង ចង់សំដៅ នោះគឺឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានសន្យាការពារកូរ៉េខាងត្បូង ក្នុងនោះរួមមានទាំងការប្រើអាវុធនុយក្លេអ៊ែរនៅក្នុងករណីមានការ វាយប្រហារណាមួយពីកូរ៉េខាងជើងទៀតផង។ លើសពីនេះទៅទៀត បច្ចុប្បន្នមានកងទ័ពអាមេរិក ២៨,៥០០នាក់កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ហើយនេះមិនទាន់ រាប់បញ្ចូលកងទ័ពអាមេរិកនៅជប៉ុន និងនៅកោះហ្គាំផង ដែលទាំងនេះហើយត្រូវបានកូរ៉េខាងជើងចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិដែលតម្រូវឱ្យពួកគេពង្រឹង សមត្ថភាពយោធាដើម្បីការពារខ្លួនឯង។
បើតាមក្រុមអ្នកវិភាគភាគច្រើន វត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង និងជប៉ុនគឺជាហេតុផលមួយជំរុញឱ្យកូរ៉េខាងជើងរើសយកផ្លូវធ្វើយោធូបនីយកម្ម និងអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅកូរ៉េខាងត្បូង និងជប៉ុន មិនមែនទុកគ្រាន់តែការពារប្រទេសទាំងពីរ ពីកូរ៉េខាងជើងប៉ុណ្ណោះទេ តែក៏មានគោលដៅ ត្រួតពិនិត្យ និងតាមដានការពង្រីកឥទ្ធិពលរបស់ចិន និងរុស្ស៊ីនៅក្នុងតំបន់ដែរ។ និយាយឱ្យងាយស្ដាប់អាមេរិកគ្មានហេតុផលអ្វីត្រូវដកទ័ពទាំងនេះចេញ រីឯកូរ៉េខាងជើងរឹតតែគ្មាន ហេតុផលរំសាយអាវុធនុយក្លេអ៊ែរ។
*តើកូរ៉េខាងជើងចង់បានអ្វី?
លោក គីម ជុងអ៊ុនបានចាត់ទុកថាអាវុធនុយក្លេអ៊ែរជាខ្យល់ដកដង្ហើមដែលរក្សាអាយុជីវិតរបបដឹកនាំរបស់លោក។ ដូច្នេះថាតើអាចទៅរួចទេដែលកូរ៉េខាងជើងនឹងប្ដេជ្ញាចិត្ត រំសាយអាវុធនុយក្លេអ៊ែរ? ពិតមែនទៅ គេមិនរំពឹងឡើយថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ហើយសហរដ្ឋអាមេរិកក៏នឹងមិនយល់ព្រមដកកងទ័ពចេញពី កូរ៉េខាងត្បូងនោះដែរ។ តែអ្វីដែលគេអាចយល់បានពីការព្យាយាមរៀបចំកិច្ចចរចាជាច្រើនលើកនាពេលកន្លងមក នោះគឺកូរ៉េខាងជើងចង់បានទំនាក់ទំនងប្រក្រតីមួយជាមួយ សហរដ្ឋអាមេរិក និងចង់ឱ្យអន្តរជាតិទទួលស្គាល់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរស្របច្បាប់មួយនឹងគេ។
កូរ៉េខាងជើងតែងតែនិយាយថាសហរដ្ឋអាមេរិកអាចទទួលស្គាល់ប៉ាគីស្ថានជាមហាអំណាចនុយក្លេអ៊ែរស្របច្បាប់ ដូច្នេះពួកគេក៏អាចធ្វើបែបនេះលើកូរ៉េខាងជើងដូចគ្នា។ និយាយ គឺងាយស្រួល តែធ្វើទើបពិបាក។ ការទទួលស្គាល់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរនឹងក្លាយជាការលើកទឹកចិត្តមួយឱ្យបណ្ដាប្រទេសដទៃនៅក្នុងតំបន់ចង់ផលិត អាវុធនុយក្លេអ៊ែរដែរ ដែលនេះនឹងបំផ្លាញដល់គោលនយោបាយគ្រប់គ្រង និងការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ ហើយបើចេះតែបណ្ដោយឱ្យមហាអំណាចនុយក្លេអ៊ែរថ្មី លេខមុខឡើងជាបន្តបន្ទាប់ តើមហាអំណាចផុតលេខរបស់សហរដ្ឋអាមេរិកនៅមានន័យអ្វីទៀតទៅ?
គួរបញ្ជាក់ថា នៅកំឡុងចូលរួមក្នុងជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន កាលពីខែឧសភាកន្លងទៅ លោក ចូ បៃដិនបានបញ្ជាក់ច្បាស់ថាលោកនឹង មិនជួបជាមួយលោក គីម ជុងអ៊ុនឡើយ រហូតទាល់តែកូរ៉េខាងជើងបង្ហាញពីការប្ដេជ្ញាចិត្តរំសាយអាវុធនុយក្លេអ៊ែរជាមុនសិន។ រីឯ លោក គីម ជុងអ៊ុនក៏ធ្លាប់បានលើកឡើងដែរថា កូរ៉េខាងជើងចាំបាច់ត្រូវតែពង្រឹងសមត្ថភាពយោធា និងអភិវឌ្ឍមីស៊ីលឱ្យកាន់តែទំនើប ព្រោះថាសហរដ្ឋអាមេរិក ទោះជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីណា ក៏ដោយ ក៏នយោបាយអរិភាពចំពោះកូរ៉េខាងជើងនឹងមិនផ្លាស់ប្ដូរឡើយ៕
ប្រភព៖ WSJ, CFR (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១)