(ភ្នំពេញ)៖ ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស បានសន្យាផ្តល់មូលនិធិប្រមាណ ១៣លានដុល្លារអាមេរិក ឱ្យគណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) ដើម្បីគាំទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ទន្ទឹមនឹងរក្សាគាំពារដល់មុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។
យោងតាមសេចក្តីជូនព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ការចូលរួមវិភាគទាននេះ ប្រព្រឹត្តទៅតាមរលកថ្មីមួយនៃមូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC ក្នុងពេលគណៈកម្មការនេះ ចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២១-២០២៥) របស់ខ្លួន នៅក្រោមទិសដៅថ្មីមួយសំដៅយកឈ្នះលើការគំរាមកំហែងជាច្រើន ដែលអាងទន្លេនេះកំពុងជួបប្រទះ។
«ការគាំទ្រនេះ មកទាន់ពេលវេលា និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ MRC ក្នុងការអនុវត្តសកម្មភាពនានា ដែលធ្វើឲ្យមានតុល្យភាពលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើឱ្យសង្គមប្រសើរឡើង និងការគាំពារដល់បរិស្ថាន»។ នេះជាការលើកឡើងរបស់បណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន នៅក្នុងពិធីចុះហត្ថលេខាមួយនាអំឡុងកិច្ចប្រជុំដៃគូអភិវឌ្ឍន៍ក្រៅផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងវៀងចន្ទ។
នៅក្រោមផែនការយុទ្ធសាស្ត្រថ្មីនេះ MRC នឹងធានាថា រាល់ផែនការថ្នាក់ជាតិថ្មីៗសម្រាប់បង្កើតថាមពលបានថ្លឹងថ្លែង រាល់ជម្រើសជាច្រើននៃប្រភពបង្កើតថាមពលនានា រួមទាំងជម្រើសថាមពល-ស្បៀង-ទឹក ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលដោយពន្លឺព្រះអាទិត្យ និងខ្យល់។ វានឹងជួយលើកកម្ពស់ភាពពពិធភាព សមភាព និងបរិយាប័ន្នយេនឌ័រក្នុងវិស័យទឹក។
MRC នឹងសិក្សាស្វែងរកនូវមធ្យោបាយសម្រាប់ជួយសម្រួលប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធទឹក សម្រាប់អាងទន្លេទាំងមូល ដើម្បីបង្កើនផលប្រយោជន៍ឱ្យដល់កម្រិតអតិបរមា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកបរិស្ថានលើទន្លេមេគង្គ និងប្រជាជន។
ស្ថាប័ននេះ ក៏នឹងបន្តជំរុញកិច្ចសន្ទនាថ្នាក់តំបន់ក្នុងចំណោមប្រទេសតាមអាងទន្លេ និងធ្វើឱ្យការចូលរួមចំណែកជាមួយនឹងប្រទេសចិនកាន់តែស៊ីជម្រៅ ក៏ដូចជា ជាមួយនឹងដៃគូផ្សេងៗទៀត តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន និងឡានឆាង-មេគង្គ សម្រាប់ជាប្រយោជន៍ដល់សមាជិកទាំងអស់។
វិភាគទានថ្មីពីប្រទេសអូស្ត្រាលី ដែលមានតម្លៃជាថវិកា ៥,១លានដុល្លារអូស្ត្រាលី (ប្រមាណ ៣,៨ លានដុល្លារអាមេរិក) ត្រូវបានចុះហត្ថលេខាដោយលោក ផល ខែលី (Paul Kelly) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសឡាវ និងបណ្ឌិត ហត្ថដា។ ជំនួយនេះ មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ និងក្លាយជាផ្នែកមួយនៃភាពជាដៃគូថ្មី រវាងប្រទេសអូស្ត្រាលី និងទន្លេមេគង្គ។
ឯកអគ្គរដ្ឋទូត ខែលី បានលើកឡើងថា «យើងសង្ឃឹមថា ជំនួយមូលនិធិទាំងនេះ នឹងជួយបង្កើនលទ្ធភាពដល់ MRC និងប្រទេសជាសមាជិកឲ្យប្រើប្រាស់ធនធានទឹក និងធនធានពាក់ព័ន្ធនៃទន្លេមេគង្គប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដើម្បីជាចំណែកមួយ ជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញពីការរាតត្បាតជាសាកល ការកសាងភាពធន់ផ្នែកបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់»។
លោកបានបន្ថែមទៀតថា ប្រទេសអូស្ត្រាលី ក៏កំពុងនឹងផ្តល់នូវការគាំទ្របច្ចេកទេសដល់ MRC លើវិស័យសំខាន់ៗជាច្រើនផងដែរ រួមទាំងដល់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត និងការកែលម្អនូវប្រព័ន្ធទិន្នន័យ និងព័ត៌មានរបស់ស្ថាប័ននេះ។
ទន្ទឹមនឹងពេលនេះ លោក យេនស៍ លូធខិនហែម (Jens Lütkenherm) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសឡាវ បានសន្យាផ្តល់វិភាគទានពីប្រទេសនេះនូវទឹកប្រាក់ ៣លានអឺរូ (ប្រមាណ ៣,៥៥លានដុល្លារអាមេរិក) ក្នុងការគាំទ្រដល់ផែនការថ្មីនេះ។ លោកបានថ្លែងថា មូលនិធិនេះ នឹងត្រូវបានបែងចែកផ្តល់ជូនក្នុងរយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០២២ នូវទឹកប្រាក់ ១,២លានដុល្លារអារិក នឹងត្រូវបានដាក់បញ្ចូលទៅក្នុងយន្តការមូលនិធិស្នូលរបស់ MRC ហើយថវិកាដែលនៅសេសសល់ នឹងត្រូវផ្តល់ឲ្យទៅតាមកម្មវិធីកិច្ចសហប្រតិបត្តិការ MRC–GIZ សម្រាប់ជាជំនួយផ្នែកបច្ចេកទេស។
ឯកអគ្គរដ្ឋទូត លូធខិនហែម បានគូសបញ្ជាក់ថា «យើងជឿជាក់ថា មូលនិធិនេះ នឹងជួយ MRC ឱ្យបង្កើតនូវបណ្តាញស្នូលសម្រាប់កិច្ចការតាមដានទន្លេក្នុងតំបន់ទន្លេមេគង្គ ហើយជាលទ្ធផល វារួមចំណែកដល់ការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងជួយបង្កើនសមត្ថភាព MRC ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតឲ្យកាន់តែមានប្រសិទ្ធភាព»។
លោក ហ្សង់ហ្វង់ស័រ ឃូនូ (Jean-François Cuénod) នាយកតំបន់នៃទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ បានសន្យាផ្តល់ថវិកា ៥,៣លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រដល់ការអនុវត្តនៃផែនការយុទ្ធសាស្ត្រថ្មីនេះ។
លោក ឃូនូ បានថ្លែងថា «យើងអបអរសាទរចំពោះ MRC ក្នុងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចក្ខុវិស័យថ្មីៗ ដែលចាំបាច់សម្រាប់អាងទន្លេមេគង្គ។ យើងនឹងរួមសហការជាមួយនឹង MRC ប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការផ្លាស់ប្តូរតំបន់នេះឆ្ពោះទៅកាន់មាគ៌ាមួយដែលកាន់តែមានចីរភាព និងភាពធន់ ដោយធានាថា គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលនោះទេ»។
លោក បានបន្ថែមទៀតថា ប្រទេសស្វីស បានគាំទ្រ MRC ចាប់តាំងពីឆ្នាំ១៩៩៥ មក និងជឿជាក់ថា ស្ថាប័ននេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទឹកប្រចាំតំបន់ទន្លេមេគង្គ។
សូមបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់ MRC គឺជាឧបករណ៍ដ៏ចាំបាច់មួយសម្រាប់ឲ្យគណៈកម្មការអនុវត្តយុទ្ធ សាស្ត្រអភិវឌ្ឍន៍អាងថ្មីមួយ ដែលមានរយៈពេល ១០ឆ្នាំ ដែលតំណាងឱ្យរបត់ដ៏សំខាន់មួយសម្រាប់អាងទន្លេមេគង្គ។ រួមគ្នា វាផ្តល់លទ្ធភាពឲ្យប្រទេសតាមអាងទន្លេមេគង្គ ដោះស្រាយបញ្ហាប្រឈមដែលកំពុងមជួបប្រទះ និងកើតឡើងថ្មីៗ ទន្ទឹមនឹងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរួមនៃអាងទន្លេ ក្នុងទសវត្សន៍ខាងមុខនេះ៕