(ភ្នំពេញ)៖ ស្របពេលស្ថានភាពរឿងអាស្រូវផ្លូវភេទលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រឹតកាន់តែផ្ទុះឡើងខ្លាំងៗពីមួយថ្ងៃទៅមួយថ្ងៃ បូករួមទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងទម្លាយថា រូបភាពរបស់តួឯកប្រុសស្រី ក្នុងសំឡេងខ្សែអាត់បែកធ្លាយលើ Facebook មួយរយៈ ពេលកន្លងទៅនេះ ត្រូវបានខាងព្រលានយន្តហោះ និងសណ្ឋាគារនៅក្រុងបាងកក ប្រទេសថៃ មានកាមេរ៉ាថតទុក រួចស្រេចហើយ ព្រមទាំងបាន ព្រមាន កុំឲ្យអ្នកដទៃលូកដៃទៀតនោះ, នៅរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ សមាគមយុវជនកំណែទម្រង់រដ្ឋ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយធ្វើការស្នើសុំទាមទារឲ្យស្ថាប័នជាតិធំៗមានរដ្ឋសភាជាតិ រាជរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស្រាវជ្រាវជាបន្ទាន់មួយ ទៅលើករណីអាស្រូវផ្លូវភេទ លោក កឹម សុខា។
ករណីរឿងអាស្រូវផ្លូវភេទ របស់លោក កឹម សុខា គឺបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តយស និងសេចក្តីថ្លៃថ្នូរក៏ដូចជា ទំនៀមទំលាប់វប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា ជាពិសេសស្ថាប័នសភាជាតិ ! និងស្នើទាមទារឲ្យមានការស៊ើបអង្កេត និងកោះហៅសាម៊ីខ្លួន ដើម្បើចង់ឃើញកម្ពុជាជាសង្គម «ស្អាតស្អំ» មិនអាប់ឱនតម្លៃសីលធម៌។
នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងនេះថា «ខណៈពេលដែលលោក កឹម សុខា មិនទាន់ចេញមុខមកស្រាយបំភ្លឺ សមាគមយុវជន កំណែទម្រង់រដ្ឋ ស្នើសុំទាមទារឲ្យស្ថាប័នពាក់ព័ន្ធដូចជា រដ្ឋសភាជាតិ រាជរដ្ឋាភិបាល ជាពិសេស អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាបើកការស្រាវជ្រាវជាបន្ទាន់ និងកោះហៅសាមីខ្លួន និងជនពាក់ព័ន្ធចូលខ្លួនមកបំភ្លឺ ដើម្បីស្វែងរកការពិតលើខ្សែអាត់សំឡេងនោះ ព្រោះរឿងអាស្រូវរបស់លោក កឹម សុខា មិនត្រឹមតែប៉ះពាល់ដល់កិត្តិយសជាតិ និងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែករណីដែលលោក កឹម សុខា បានចំណាយប្រាក់កាសជាច្រើន ផ្តល់ជូនទៅបណ្តាស្រីស្នេហ៍ផងនោះ ក៏អាចនឹងមានជាប់សង្ស័យប្រព្រឹត្តអំពើពុករលួយ ដែលចាំបាច់តម្រូវឲ្យមានការពិនិត្យ និងស៊ើបអង្កេតជាបន្ទាន់»៕