(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមដែលបង្ហោះសារ ប្រមាថដល់ ព្រះចេស្តាអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត។ គណបក្សរាជានិយមមួយនេះ ក៏ស្នើដល់ស្ថាប័នតុលាការ ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីនាំយកមេចលនាឧទ្ទាមក្រៅច្បាប់រូបនេះ មកផ្តន្ទាទោសផងដែរ។
ការចេញមកធ្វើការកោលទោសយ៉ាងដាច់អហង្ការបស់គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឡើងបន្ទាប់ពី មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី បានកាត់តព្រះចេស្តាអង្គព្រះមហាក្សត្រជាគោរពដ៏ខ្ពស់របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយប្រើប្រាស់ពាក្យពេជន៍ប្រមាថយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
គណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកខ្លឹមសារដែលទណ្ឌិត សម រង្ស៉ី បានផ្សព្វផ្សាយ ជាសាធារណៈតាមរយៈបណ្តាញសង្គម Facebook នេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះព្រះរាជកិត្តិនាម របស់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រខ្មែរយើង និងបានរំលោភលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី២ មាត្រាទី៧ ដែលបានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។
គណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកការចោទប្រកាន់យ៉ាងងងឹតងងល់របស់ទណ្ឌិត សម រង្ស៉ី ម្ដងហើយម្ដងទៀត មកលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺមានចេតនាយ៉ាងអាក្រក់ បម្រើមហិច្ឆតានយោបាយគំគួនសងសឹង មកលើរបបរាជានិយម និងព្រះរាជបល្ល័ង្ក ដែលគណបក្សហ៊្វុនស៊ិនប៉ិច ក៏ដូចជាអ្នករាជានិយម អ្នកសីហនុនិយម និងប្រជានុរាស្ត្រខ្មែរ មិនអាចទទួលយកបានឡើយ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ ម្តងរួចម្តងហើយ កាលខែមិថុនា ឆ្នាំ២០១៩ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។
ពាក់ព័ន្ធនឹងករណីនេះកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ចំពោះករណីប្រមាថអង្គព្រះមហាក្សត្ស៕