(ភ្នំពេញ)៖ ដោយមានចិត្តអាសូរដល់មន្រ្តីរបស់ខ្លួន ពេលមានជម្ងឺប្រចាំកាយ ដែលត្រូវចំណាយប្រាក់កាក់ លើការថ្លៃព្យាបាល និងការហូបចុកនោះ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានឧបត្ថម្ភថវិកា ប្រចាំខែចំនួន១លានរៀល ជារៀងរាល់ខែជូនចៅសង្កាត់រងព្រែកលៀប លោក ជ័យ សាម៉េត។ លោកចៅសង្កាត់រងព្រែកលៀបរូបនេះ មានជំងឺប្រចាំកាយ និងបានធ្លាក់ខ្លួនឈឺជាទម្ងន់ធ្វើការលែងកើត។
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌជ្រោយចង្វារ បាននាំយកថវិការបស់លោកអភិបាលខណ្ឌចំនួន១លានរៀល ទៅប្រគល់ជូនលោក ជ័យ សាម៉េត ដល់លំនៅដ្ឋានដើម្បីយកថវិកាទាំងនេះ ទៅចាត់ចែង និងដើម្បីទុកទិញថ្នាំសម្រាប់ព្យាបាលជំងឺរបស់ខ្លួន។
លោក ជ័យ សាម៉េត និងក្រុមគ្រួសារទាំងមូល បានថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះអភិបាលខណ្ឌ ចំពោះការគិតគូដល់កូនចៅ នៅពេលមានទុក្ខលំបាក រហូតធ្វើការលែងកើត ដែលនេះជាទង្វើដែលមិនអាចបំភ្លេចបានឡើយតទៅថ្ងៃមុខ៕