(ឡាវ)៖ ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស នៅថ្ងៃទី២៤ ខែមិថុនានេះ បានសន្យានឹងផ្តល់មូលនិធិប្រមាណ ១៣ លានដុល្លារអាមេរិក ឲ្យគណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) ដើម្បីគាំទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ទន្ទឹមនឹងរក្សាគាំពារដល់មុខងារអេកូឡូស៊ីនៃទន្លេមេគង្គ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកានើតែប្រសើរឡើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ MRC។
ការចូលរួមវិភាគទាននេះ ប្រព្រឹត្តទៅតាមរលកថ្មីមួយនៃមូលនិធិដៃគូអភិវឌ្ឍន៍ដល់ MRC ក្នុងពេលគណៈកម្មការនេះ ចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ (២០២១-២០២៥) របស់ខ្លួន នៅក្រោមទិសដៅថ្មីមួយ សំដៅយកឈ្នះលើការគំរាមកំហែងជាច្រើន ដែលអាងទន្លេនេះកំពុងជួបប្រទះ។
បណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន នៅក្នុងពិធីចុះហត្ថលេខាមួយ នាអំឡុងកិច្ចប្រជុំដៃគូអភិវឌ្ឍន៍ក្រៅផ្លូវការ កាលពីថ្ងៃព្រហស្បត៍ នៅទីក្រុងវៀងចន្ទ បានបញ្ជាក់ថា «ការគាំទ្រនេះ មកទាន់ពេលវេលា និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ MRC ក្នុងការអនុវត្តសកម្មភាពនានា ដែលធ្វើឲ្យមានតុល្យភាពលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើឲ្យសង្គមប្រសើរឡើង និងការគាំពារដល់បរិស្ថាន»។
នៅក្រោមផែនការយុទ្ធសាស្ត្រថ្មីនេះ MRC នឹងធានាថា រាល់ផែនការថ្នាក់ជាតិថ្មីៗសម្រាប់បង្កើតថាមពលបានថ្លឹងថ្លែង រាល់ជម្រើសជាច្រើននៃប្រភពបង្កើតថាមពលនានា រួមទាំងជម្រើសថាមពល-ស្បៀង-ទឹក ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលដោយពន្លឺព្រះអាទិត្យ និងខ្យល់។ វានឹងជួយលើកកម្ពស់ភាពពពិធភាព សមភាព និងបរិយាប័ន្នយេនឌ័រក្នុងវិស័យទឹក៕