(ព្រះវិហារ)៖ ក្នុងទិសដៅចូលរួមចំណែកជាមួយអាជ្ញាធរខេត្តព្រះវិហារ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រយកមកអនុវត្តជាប្រចាំ ចាប់តាំងពីខ្លោងទ្វារចូលរហូតដល់ការរិយាល័យជំនាញនានាស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណែនាំរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ការចម្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមន្ទីរមិនឲ្យកើតមានឡើងជាដាច់ខាត ដល់មន្ត្រី និងបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវានានា។
ក្រៅពីវិធានការដែលបានអនុវត្តនៅក្នុងមន្ទីរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចាត់តាំងក្រុមការងារ នៃមន្ទីរ សហការជាមួយយុវជន ស.ស.យ.ក ប្រចាំមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបចំនួន ០៨នាក់ បានចុះចែកខិតបណ្ណផ្សព្វផ្សាយ អំពីសុវត្ថិភាពការធ្វើដំណើរតាមរថយន្តក្នុងរដូវកាលជំងឺកូវីដ.១៩ ដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកបើកបរ និងអ្នករួមដំណើរអោយមាន ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ថា ការចូលរួមទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាភារកិច្ចរបស់យើងទាំងអស់គ្នា។ លោកថា សម្រាប់មន្ទីររបស់លោកគឺ បានអនុវត្តទៀងទាត់តាមវិធានការ របស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រាជរដ្ឋាភិបាល ដូចជាការស្គែនកំដៅ បាញ់អាល់កុល ពាក់ម៉ាស់ ដោយពិនិត្យចាប់តាំងពីខ្លោងទ្វារចូលរហូតដល់ការរិយាល័យនីមួយៗ។
លោកប្រធានមន្ទីរបានថ្លែងយ៉ាងដូច្នេះទៀតថា ការអនុវត្តន៍កន្លងមកដែលលោកបានដាក់ចេញនូវវិធានការនានា គឺសម្រាប់តែការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងមន្ទីរប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ តាមរយៈការធ្វើដំណើរតាមរថយន្ត។
ថ្មីៗនេះលោកក៏បានណែនាំដល់ក្រុមការងារជំនាញរបស់មន្ទីរ សហការជាមួយយុវជន ស.ស.យ.ក របស់មន្ទីរ បន្តចុះអប់រំផ្សព្វផ្សាយនិងចែកខិតប័ណ្ណ នៅតាមទីតាំងសំខាន់ៗរួមមាន៖ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ចំណតរថយន្តដឹកជញ្ជូនអ្នកដំណើរ សាខាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ សាខាសាលាបង្រៀនបើកបរយានយន្ត ពិសេសគឺណែនាំឲ្យសាខាទាំងអស់ត្រូវមានការណែនាំបន្តដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវានានាឲ្យប្រុងប្រយ័ត្ន ពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងយុទ្ធនាការនេះដែរ ក្រុមការងារបានចែកខិតបណ្ណអស់ចំនួន ៣០០សន្លឹកផងដែរ៕