(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា តាមប្រព័ន្ធវីដេអូ។
បើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្ស បានឱ្យដឹងថា កិច្ចពិភាក្សាគ្នារវាងមេសិទ្ធិមនុស្សកម្ពុជា និងភាគី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយមានគោលបំណងចំនួន២ រួមមាន៖
ទី១៖ អំពីវិធីសាស្ត្រ និងអាទិភាពការងារក្នុងអាណត្តិអ្នករាយការណ៍ពិសេសថ្មី
ទី២៖ ការប្រមូលធាតុចូលសម្រាប់របាយការណ៍ដែលត្រូវដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៤៨។
លោក វិទិត ម៉ុនតារបន គឺជាមនុស្សទី៧ ហើយ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានជ្រើសរើសមកកាន់តួនាទីជាអ្នករាយការណ៍ពិសេស ឬអ្នកស៊ើបអង្កេតពិសេសផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលផុតអាណត្តិ។ លោក វិទិត ម៉ុនតារបន ចាប់ផ្ដើមបំពេញតួនាទីថ្មីនេះ ជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕