(ភ្នំពេញ)៖ លោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងលោកស្រីប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភកន្លងមក របស់រដ្ឋាភិបាលជប៉ុន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ពិសេសការគាំទ្រដល់កិច្ចការកំណែទម្រង់ រដ្ឋបាលសាធារណៈនៅកម្ពុជា។
លោករដ្ឋមន្ត្រី និងលោកស្រីប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានរំលឹកផងដែរអំពីសកម្មភាពកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានផ្តល់ជាបន្តបន្ទាប់ នូវវគ្គបណ្តុះបណ្តាល អាហារូបករណ៍ និងកម្មវិធីទស្សនកិច្ចសិក្សាជាច្រើន នៅប្រទេសជប៉ុនសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលកម្ពុជា។
លោករដ្ឋមន្ត្រី និងលោកស្រីប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានពិភាក្សាគ្នាដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ លើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ។
នៅទីបញ្ចប់នៃជំនួបពិភាក្សាការងារនេះ ទាំងលោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រីប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដោយចាត់ឱ្យក្រុមការងារជំនាញធ្វើទំនាក់ទំនង រៀបចំសកម្មភាព និងគម្រោងកិច្ចសហប្រតិបត្តិការជាក់លាក់នាពេលអនាគត៕