(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំក្រុមការងារទំនាក់ទំនងវិបត្តិទេសចរណ៍អាស៊ាន លើកទី៣ ដើម្បីវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន និងស្ដាប់ផែនការអនាគតនៃប្រទេសនីមួយៗ ភាគីកម្ពុជា និងប្រទេសដទៃទៀតបានបង្ហាញការគាំទ្រឱ្យអាស៊ានពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរ និងប្រជាជនក្នុងប្រទេសរៀងៗខ្លួន។
កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូខនហ្វើរិន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន អាណត្តិឆ្នាំ២០២១ (ASEAN NTOs) និងដោយមានការចូលរួមពីតំណាងស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOs) នៃប្រទេសសមាជិកទាំង ១០ លេខាធិការដ្ឋានអាស៊ាន សាមគមន៍ទេសចរណ៍អាស៊ាន (ASEANTA) សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក (PATA) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) និងក្រុមប្រឹក្សាធ្វើដំណើរពិភពលោក (WTTC) ដែលមានសមាសភាពចូលរួម ៧៤ រូប។
កិច្ចប្រជុំនេះបានពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ -១៩ លើវិស័យទេសចរណ៍អាស៊ាន ផែនការស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងលទ្ធផលការងារទេសចរណ៍អាស៊ានផ្សេងៗទៀត ដូចជា៖
១៖ ប្រទេសអាស៊ានទាំង ១០ បានគិតគូរអំពីការបើកទេសចរណ៍អន្តរជាតិឡើងវិញ និងបង្ហាញពីគំនិតផ្តួចផ្តើមបន្ត និងបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសសមាជិកអាស៊ាន ក្នុងការបើកទេសចរណ៍ឡើងវិញនេះប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
២៖ ពិនិត្យបច្ចុប្បន្នភាពនៃការៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញនៅក្រោយវិបត្តិកូវីដ-១៩ និងការរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍ (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ដែលនឹងគ្រោងស្នើសុំការអនុម័តពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាពេលខាងមុខ។
៣៖ សហគមន៍ទេសចរណ៍អន្តរជាតិ រួមមាន ASEANTA, PATA, US-ABC, WTTC បានបង្ហាញអំពីការគាំទ្រអាស៊ានឲ្យពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់។
៤៖ ប្រទេសសមាជិកបានរាយការណ៍អំពីបច្ចុប្បន្នភាពនៃការចាក់វ៉ាក់សាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាផែនការបើកទេសចរណ៍អន្តរជាតិនាពេលខាងមុខ ដែលជាទូទៅប្រទេសជាសមាជិកមានគម្រោងបើកទេសចរណ៍មុនឆ្នាំ២០២២។
ប្រទេសសមាជិកក៏បានគាំទ្រកម្ពុជាសាជាថ្មី ចំពោះការដាក់ចុះផែនការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១៕