(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ហុង ចេងហ្គិចលន ត្រូវជាមាតាក្មេក របស់លោកឧត្តមសេនីយ៍ឯក ប៉ោ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅគេហដ្ឋានសព ស្ថិតនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ឧបាសិកា ហុង ចេងហ្គិចលន បានទទួលមរណភាព កាលពីថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២៖៤៥នាទី ក្នុងជន្មាយុ ៩៨វស្សា ដោយជរាពាធ។មរណភាពរបស់ឧបាសិកា ហុង ចេងហ្គិចលន គឺជាការបាត់បង់នូវមាតាក្មេក មាតាបង្កើត ជីដូន និងជីដូនទួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយ ព្រហ្មវិហារធម៌ ដែលកន្លងមកឧបាសិកាហុង ចេងហ្គិចលន បានតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញវន្ត និងធនធានដ៏មានតម្លៃ សម្រាប់សង្គមជាតិ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងគណៈប្រតិភូតំណាងឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃក្រសួង សាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុត ជាមួយលោកឧត្តមសេនីយ៍ឯក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងបានលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធ របស់ឧបាសិកា ហុង ចេងហ្គិចលន សូមឱ្យបានសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕