(ភ្នំពេញ)៖ គ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលពីសម័យសង្គ្រាមចំនួនជិត ១០០គ្រាប់ ត្រូវបានប្រទះឃើញ ខណៈដែលក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ធ្វើសកម្មភាពជីកស្តារប្រឡាយម័ល នៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងជិត ៣គីឡូម៉ែត្រ ដើម្បីបើកផ្លូវទឹក ងាយស្រួលទឹកហូរ រំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ ហើយបានប្រទះឃើញគ្រាប់ ទាំងនេះនៅបាតប្រឡាយ។ នេះបើតាមលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកបន្តទៀតថា ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រវែង២៨១៥ម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី២៤ មិថុនានេះ ការងារស្តារប្រឡាយម័រ សម្រេចបាន១៦០០ម៉ែត្រ ហើយ ស្មើនឹង៥៩,៩ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ប្រឡាយម័លនេះ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ។
បើទោះបីរាជធានីភ្នំពេញ បាននិងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារ និងអភិវឌ្ឍមូលដ្ឋានរាជធានី នៅតែបន្តដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់កូវីដ-១៩៕