(កំពង់ឆ្នាំង)៖ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជនមានពិការភាព ដោយអភិវឌ្ឍន៍ ស្ត្រី កុមារី និងជនមានពិការភាព ឱ្យមានភាពរឹងមាំ និងមានសមត្ថភាពកាន់តែប្រសើរឡើង ដើម្បីរស់ក្នុងសង្គមជាតិដូចមនុស្សធម្មតាដែរ។
លោកស្រីថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពីសកម្ម ភាពយេនឌ័រ វិស័យទឹកស្អាត និងអនាម័យដែលរៀបចំដោយអង្គការ សាអូរី នៅសណ្ឋាគារសុវណ្ណភូមិ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ឋ តាមប្រព័ន្ធហ្សូម និងការចូលរួមដោយផ្ទា ល់ពីជនមានពិការភាពក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
លោកស្រី អភិបាលរងខេត្ត បានបន្តថា សន្និបាតរបស់អង្គការ សាអូរី លើជនមានពិការភាពនៅថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្តោតទៅលើសកម្មភាពយេនឌ័រ ជនមានពិការភាព និងអនាម័យ ដែលរាជរដ្ឋាភិបាលបាននិងកំពុង យកចិត្តទុកដាក់ និងអភិវឌ្ឍដល់ស្ត្រី កុមារី និងជនមានពិការភាព ឱ្យមានភាពប្រសើរឡើង ដោយមិនទុកចោលឱ្យឯកកោរនោះឡើយ។ ហេតុនេះហើយបងប្អូនដែលជាជនមានពិការភាព ត្រូវមានក្តីសង្ឃឹមជឿជាក់ទុក ចិត្តដល់រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងលើកកម្ពស់ដល់ជនមានពិការភាព ឲ្យមានទំនុកចិត្ត និងប្រសើរឡើងវិញ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានព្យាយាមយកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី កុមារី និងជនមានពិការភាព។ បច្ចុប្បន្ន បើទោះជារាជរដ្ឋាភិបាលបានបង្កើតឲ្យមានអង្គការ ជាដៃគូ និងមន្ទីរជំនាញ យកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាលើស្ត្រី កុមារី ជនមានពិការ ភាព យ៉ាងណាក្តី ក៏អំពើហិង្សានិងការរើសអើងនៅតែកើតមានឡើង តិចតួចផងដែរ។ ប៉ុន្តែសូមបងប្អូនត្រូវប្រឹងប្រែងព្យាយាមដោយសុឆន្ទៈ ដើម្បីប្រែក្លាយខ្លួនអោយជាមនុស្សមានតម្លៃ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងសូមកុំធ្វើជាដុំដីដោយឥតប្រយោជន៍។
ជាចុងក្រោយលោកស្រីអភិបាលរងខេត្ត ក៏មិនភ្លេចផ្តាំផ្ញើដល់បងប្អូនជាជនមានពិការភាព សូមប្រុងប្រយ័ត្នចំពោះឃាតករលាក់មុខ គឺជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ស្ដីពីការអនុវត្ត៣កុំនិងការ ពារ ដើម្បីរូមចំណែកទុបស្កាត់កូវីដ-១៩ទាំងអស់គ្នា។
យោងតាមសេចក្តីរាយការណ៍ របស់លោកស្រី អ៊ុ អមរារ័ត្ន ប្រធានអង្គការ សាអូរី ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា សិក្ខាសាលាបានផ្តោតជាសំខាន់ទៅលើសកម្មភាពយេនឌ័រ វិស័យសកម្មភាពទឹកស្អាត និងអនាម័យដើម្បីឲ្យមានការចូលរួម ពីមន្ទីរពាក់ព័ន្ធនិងអង្គភាពនានា ពិសេសអង្គការជាដៃ គូក្នុងការជួយដល់ស្ត្រី ដែលមានពិការភាព និងកុមារីពិសេសលើការប្រើប្រាស់បង្គន់អនាម័យ។
សិក្ខាសាលាបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និង២៣ខែមិថុនា ជាលទ្ធផលបានល្អប្រសើរ បើទោះបីជនមានពិការភាពខ្លះមានពិការសតិបញ្ញាខ្លះ គរថ្លង់ និងមិនចេះអក្សរ យ៉ាងណាក្តី ក៏ពួកគាត់ព្យាយាមមើលរូបភាព និងស្វែងយល់ពីការបង្ហាញតាមរយៈវីឌីអូ ស្លាយ ដោយយកចិត្តទុកដាក់ផងដែរ៕