(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឱ្យប្រទេសរុស្ស៊ី ជំរុញឲ្យភ្ញៀវទេសចរណ៍រុស្ស៊ីមកទស្សនាកម្ពុជា ឲ្យបានច្រើនឡើង ហើយស្នើបើកឲ្យមានការហោះហើរត្រង់ ពីរុស្ស៊ីមកកម្ពុជាផងដែរ។
ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបជាមួយ លោក Nicolay Fedorov អនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ធ នៃសភារុស្ស៊ី នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ ។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ភាគីរុស្សី ដែលកន្លងមកធ្លាប់បានជួយដល់កម្ពុជា ពេលដែលកម្ពុជាជួបការលំបាកពីអតីតកាល។ សម្តេចថា រុស្ស៊ីបានជួយមកកម្ពុជាតាមរយៈ ការស្ដារខឿនសេដ្ឋកិច្ច និងការបណ្តុះបណ្ដាលធនធានមនុស្ស។
សម្តេចតេជោ បានស្នើឱ្យប្រទេសទាំងពីររួមគ្នាពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យណាមួយបន្ថែមទៀត ដែលភាគីទាំងពីរគិតថាអាចធ្វើបាននាពេលខាងមុខ។
លោក Nicolay Fedorov បានអបអរសាទរចំពោះ សម្តេចតេជោ អំពីការដឹកនាំល្អ ដែលធ្វើអោយប្រទេសជាតិរីកចម្រើនជាបន្តបន្ទាប់ ភ្ជាប់នឹងនយោបាយឈ្នះឈ្នះ របស់សម្តេច ដែលបាននាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដែលលោកបានឃើញផ្ទាល់និងភ្នែកស្រាប់។ លោក Nicolay បានឃើញគ្រឿងចក្រ និងសំណង់ធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញ កំពុងរីកដុះដាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ។
ដំណើរទស្សនកិច្ចរបស់លោក Nicolay មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពង្រីកវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ។ ក្នុងនាមលោកជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកនឹងប្រឹងប្រែងជួយធ្វើយ៉ាងណា សំរួលល័ក្ខខ័ណ្ឌដោយភាពអនុគ្រោះ ក្នុងការនាំកសិផលកម្ពុជាទៅកាន់រុស្ស៊ី។ ជាងនេះទៅទៀត លោកនឹងជំរុញអោយមានការផ្តល់អាហារូបករណ៍ ឲ្យបានច្រើនដល់និស្សិតកម្ពុជាទៅសិក្សានៅរុស្ស៊ីផងដែរ។ រុស្សីបានចាត់ទុកសម្តេចតេជោ ជាមិត្តចាស់ដែលមានអនុស្សាវរីយ៍ជាច្រើនរវាងប្រទេសទាំងពីរ៕