(ភ្នំពេញ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃកម្ពុជា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងរបស់ព្រះករុណាព្រះមហាក្សត្រ បាននាំយកព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ ជូនដល់មន្ត្រី-បុគ្គលិកដែលកំពុងបម្រើការនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC ដែលមានទីតាំងឋិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីប្រគល់ព្រះរាជអំណោយនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ដោយមានការរួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងមួយចំនួន។
សម្តេចចៅហ្វាវាំង បានថ្វាយគ្រឿងសក្ការៈបូជាគោរពចំពោះព្រះបរមរូប ព្រះបាទជ័យវរ្ម័នទី៧ ដែលជាអតីតព្រះមហាក្សត្រ មានព្រះកិត្តិនាមដ៏ល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ លំដាប់អំពីនេះ សម្តេចចៅហ្វាវាំងបានទស្សនាសារមន្ទីររបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់។ នៅក្នុងសារមន្ទីរនេះ មានតម្កល់តាំងផែនទីរបស់ប្រទេសកម្ពុជា ដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបោសសម្អាតគ្រាប់មីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមតំបន់មួយចំនួនបានសម្រេចរួចរាល់ និងតំបន់មួយចំនួនទៀតដែលមិនទាន់ធ្វើការបោះសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឡើយ។
ក្នុងសារមន្ទីរនេះ ក៏បានបង្ហាញអំពីជោគជ័យរបស់ស៊ីម៉ាក់ដែលបានខិតខំប្រឹងប្រែងនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្រោមព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមការជួយឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលនៃក្រកម្ពុជា និងបណ្តាប្រទេសជាមិត្តភក្តិ បានធ្វើឲ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ និងហ៊ានពុះពារនូវគ្រប់ឧបសគ្គក្នុងការរុករកបាននូវគ្រាប់គ្រប់ប្រភេទ និងមីនដែលបន្សល់ទុកពីក្នុងសម័យសង្រ្គាមនាពេលកន្លងមក។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានសម្ដែងនូវក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ដែលបានចូលរួមក្នុងព្រះរាជពិធីចែកព្រះរាជអំណាយដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះមន្រ្តីអង្គភាព CMAC សរុបចំនួន ១,៧៧៣នាក់ នៅទីបញ្ជាការដ្ឋាន CMAC ភ្នំពេញ។
លោក ហេង រតនា បានជម្រាបជូនអំពីប្រវត្តិ និងលទ្ធផលការងាររបស់ CMAC អាស្រ័យដោយប្រទេសកម្ពុជាបានទទួលឥទ្ធិពលនៃសង្គ្រាមពីខាងក្រៅ និងការបែកបាក់ផ្ទៃក្នុងបង្ករជាសង្គ្រាមស៊ីវិលដ៏ជូចត់ និងខ្លោចផ្សារអស់រយៈពេលជាងបីទសវត្សរ៍។ សង្គ្រាមទាំងនោះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាតិនៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាយើង ជាពិសេសការបំផ្លាញ និងបែកបាក់ខាងស្មារតី មនសិកាក្នុងសង្គមជាតិខ្មែរ ដែលធាតុទាំងនេះពិបាកបំផុតក្នុងការផ្សះផ្សារនិងស្តារការបង្រួបបង្រួមគ្នាក្នុងសង្គមតែមួយឡើងវិញ។ ប៉ុន្តែជាភ័ព្វសំណាងដ៏វិសេសវិសាលក្រៃលែងចំពោះប្រទេស និងប្រជាជនកម្ពុជា ដែលមានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាកុលបុត្រខ្មែរដ៏ឆ្នើបំផុតមួយរូប ដែលមានឆន្ទៈមោះមុត ឧត្តមគតិ កម្លាំងពលំ និងប្រាជ្ញាស្មារតីដ៏ឈ្លាសវៃបំផុត បាននិងកំពុងដឹកនាំប្រជាជន និងប្រទេសជាតិឲ្យស្ថិតលើមាគ៌ា និងនយោបាយដ៏ត្រឹមត្រូវនិងច្បាស់លាស់ ដោយមានទស្សនៈទានវែងឆ្ងាយប្រកបដោយក្តីសង្ឃឹម និងការជឿជាក់។ ជាក់ស្តែង សម្ដេចតេជោ បានដឹកនាំកម្លាំងស្នេហាជាតិផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាបន្ដបន្ទាប់បានដឹកនាំជាតិ និងប្រជាជនជម្នះរាល់ឧបសគ្គរហូតអនុវត្តការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ បានផ្សះផ្សាការបែកបាក់ផ្ទៃក្នុងជាតិ និងរំដោះខ្លួនចេញផុតពីភ្នក់ភ្លើងសង្គ្រាម ដោយបាននាំប្រទេស និងប្រជាជនកម្ពុជាទាំងមូលបានទទួលនូវការឯកភាពជាតិ សុខសន្តិភាព និងសិទ្ធិសេរីភាពយ៉ាងពិតប្រាកដ។
ថ្វីត្បិតសង្គ្រាមរ៉ាំរ៉ៃត្រូវបានបញ្ចប់រលត់តាំងពីចុងឆ្នាំ១៩៩៨ក៏ពិតមែន ប៉ុន្តែ មរតកសង្គ្រាមបានបន្សល់ទុកនូវភាពខ្លោចផ្សារ ការបែកបាក់សមាជិកគ្រួសារ សហគមន៍ និងភាពខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងជាពិសេសបានបន្សល់ទុកនូវសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន គឺមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាឃាតករលាក់មុខ និងស្ថិតនៅរាយប៉ាយរាប់លានគ្រាប់នៅពាសពេញផ្ទៃប្រទេសកម្ពុជា។ សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាល ដែលត្រូវប្រឈមមុខដោះស្រាយ។ សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជានេះចែកចេញជា៤ផ្នែកគឺ ១) គ្រាប់មីនមានចំនួនប្រមាណពី៤-៦លានគ្រាប់ ២) គ្រាប់បែកចង្កោមមានចំនួនប្រមាណ៣០លានកូនគ្រាប់ មានកំណត់ត្រាជិត១ម៉ឺនទីតាំង ៣) គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ និង៤) អាវុធគីមីទម្លាក់ពីយន្ដហោះ។
ទោះបីជាទំហំនៃបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះធំធេងយ៉ាងនេះក៏ដោយ តែដោយសារការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងប្រតិបត្តិករបោសសម្អាតមីនបានខិតខំរំដោះផ្ទៃដីចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
អង្គភាព CMAC ត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ១៩៩២ និងបានក្លាយជាស្ថាប័នជាតិនៅខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលកំណត់ដោយព្រះរាជក្រឹត្យ និងមានព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជាព្រះប្រធានក្រុមប្រឹក្សាភិបាល និងក្រោយមកមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាល និងតំណាងរហូតដល់បច្ចុប្បន្ននេះ។
ក្នុងរយៈពេលជាង ២៨ ឆ្នាំកន្លងមកនេះ អង្គភាព CMAC សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួនជាង ១,២១៤ គីឡូម៉ែត្រក្រឡា ក្នុងនោះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទបានចំនួនជិត ៣ លានគ្រាប់។
នៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ដល់ខ្ញុំនាំយកព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លា មកចែកជូនមន្រ្តី-បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សរុបចំនួន ១,៧៧៣ នាក់ ដែលកំពុងឈរជើងប្រតិបត្តិការក្នុងក្របខណ្ឌទូទាំងប្រទេស ដោយក្នុងម្នាក់ៗទទួលបាន៖
* អង្ករចំនួន ១បាវ = ៥០គ.ក្រ
* ឃីត ចំនួន ១កញ្ចប់(មុង១, ភួយ ១, ក្រមា១, សារុង ១)
* ម៉ាស ចំនួន ១ដុំ(មាន ១០បន្ទះ)
* មីចំនួន ១កេស(២៤ កញ្ចប់)
* ត្រីខ ១០កំប៉ុង
* អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១
* ថវិកា ២០០,០០០រៀល៕