(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ គ្រោងសិក្សាគម្រោងផ្លូវថ្មើរជើងតាមមាត់ស្ទឹង ក្នុងជំហាន២បន្ថែមទៀត ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដើរលំហែកម្សាន្តស្រូបខ្យល់អាកាស និងហាត់ប្រាណតាមមាត់ស្ទឹង ខណៈដែលក្រុមហ៊ុនទទួលម៉ៅការ បាននឹងកំពុងស្ថាបនាសាងសង់សួនច្បារ ប្របតាមមាត់ស្ទឹង យ៉ាងយកចិត្តទុកដាក់ក្នុងជំហាន១។

ការថ្លែងបែបនេះក្នុងឱកាសលោក អញ្ជើញចុះពិនិត្យមើលបច្ចេកទេសការស្ថាបនាសាងសង់ សួនច្បារតាមមាត់ស្ទឹង ប៉ែកខាងលិចនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។ ពេលចុះទៅពិនិត្យមើលបច្ចេកទេសសាងសង់របស់ ក្រុមហ៊ុនទទួលម៉ៅការ ដែលបាននឹងកំពុងស្ថាបនានោះ លោក ម៉ៅ ធនិន បានជម្រុញឲ្យក្រុមហ៊ុនទទួលម៉ៅការ ធ្វើយ៉ាងណាសាងសង់ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព និងសោភ័ណភាព។ លោកបានថ្លែងថា បច្ចុប្បន្នយើងបាននឹងកំពុងស្ថាបនាសាងសង់ សួនច្បារតាមមាត់ស្ទឹង ក្នុងជំហាន១ ជិតរួចរាល់ហើយ។

លោកបានឲ្យលោកអភិបាលក្រុង ធ្វើការសិក្សាគម្រោងផ្លូវថ្មើរជើងតាមមាត់ស្ទឹងថ្មីមួយទៀត ក្នុងជំហាន២ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដើរលំហែកម្សាន្តស្រូបខ្យល់អាកាស និង ហាត់ប្រាណតាមមាត់ស្ទឹង។ លោកអភិបាលខេត្តបានឲ្យដឹងទៀតថា សួនច្បារតាមមាត់ស្ទឹងជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើនដូចជា សំណង់អគារដ៏ធំរបស់រដ្ឋបាលសាលាខេត្ត ដែលបាននឹងកំពុងស្ថាបនាសព្វថ្ងៃនេះ រង្វង់មូលច្រមុះជ្រូកផ្សារចាស់ដែលសង់ជិតរួចរាល់ ការរៀបចំផ្សារ ប្រព័ន្ធលូបង្ហូរទឹកស្អុយ ការជួសជុល និងស្ថាបនាផ្លូវកៅស៊ូ និង ភ្លើងបំភ្លឺតាមដងផ្លូវជាដើម។

ជាងនេះទៅទៀត ឃើញថាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ មានការគាំទ្រ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការដឹកនាំគ្រប់គ្រង ប្រកបដោយភាពឈ្លាសវៃ និង ម៉ឺងមាត់របស់លោក ម៉ៅ ធនិន ហើយក៏សង្ឃឹមថាខេត្តពោធិ៍សាត់នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនចាញ់ខេត្តដទៃនោះទេ៕