(ភ្នំពេញ)៖ យោងតាមដីកាកោះរបស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញារង បានចេញដីកាកោះអញ្ជើញលោក សម រង្ស៊ី ជាជនសង្ស័យ មានទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចូលខ្លួនមកបំភ្លឺពាក់ព័ន្ធ បណ្តឹងរបស់លោក សោម សឿន ពីបទផ្សាយព័ត៌មានលើទំព័រហ្វេសបុក កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦កន្លងទៅ។
នៅក្នុងដីកាកោះ របស់ព្រះរាជអាជ្ញារង សៀង សុខ បានឲ្យដឹងថា លោក សម រង្ស៊ី ត្រូវបានកោះអញ្ជើញមកកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
ជាមួយនោះផងដែរ លោក សៀង សុខ បានចេញដីកោះកោះអញ្ជើញ លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមេធាវីរបស់លោក ឱ្យចូលផ្តល់ព័ត៌មាន នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ពាក់ព័ន្ធនឹងការដាក់ពាក្យប្តឹង ពីបទក្លែងលិខិត របស់លោក។
យោងតាមពាក្យបណ្តឹងរបស់មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា៖ «នៅថ្ងទី៩ ខែមីនា ឆ្នាំ២០១៦ នៅទំព័រ Facebook របស់លោក សម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទដែលមានខ្លឹមសារមួលបង្កាច់ ខុសពីការពិតចំពោះរូបខ្ញុំដែលថា បានណែនាំដល់មន្ត្រីរបស់ខ្លួន អ្នកគាំទ្រ និងបណ្តាញរួមបញ្ជូលទាំងមន្ត្រីរាជការ ស៊ីវិល ប៉ូលីសនិងទាហាន ដើម្បីគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិត ដល់ទំព័រ Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់ជាមួយនិងការអត្ថាធិប្បាយថា Like មួយចំនួនធំ ដែលបង្ហាញលើទំព័រ Facebook របស់សម្តេចគឺបានមកពីការទិញឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើត Accounts Facebook ក្លែងក្លាយដើម្បីផ្តល់ Likes សិប្បនិម្មិតក្លែងបន្លំជូនសម្តេច»។
សូមជំរាបថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្លែងលិខិតរបស់លោកបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមីនាម្សិលមិញ លោក សម រង្ស៊ី បានបង្ហោះនូវព័ត៌មានមួយចំនួនដោយភ្ជាប់ជាមួយលិខិតរបស់លោក សោម សឿន៕