(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូល សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ជាច្រើននាក់ បន្តយុទ្ធនាការណែនាំដល់អាជីវក ពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ពីការប៉ះពាល់ដល់សុខភាព តាមរយះមុខទំនិញយកមកបរិភោគ ឬប្រើប្រាស់ ជាមុខទំនិញផុតថ្ងៃបរិច្ឆេទតែម្តង។
លោកបានបន្តថា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ សាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារនៅផ្សារព្រំ និងតាមគេហដ្ឋាន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ សង្កាត់សាលាក្រៅ ខេត្តប៉ៃលិន ជាលទ្ធផល ដកហូតបានម្ហូបអាហារខូចគុណភាព ផុតការបរិច្ឆេទ រួមមាន មី២៥ កំប៉ុង ទឹកខ្មេះថៃរូបទទន្សាយ១៣ដប ទឹកក្រូច ២៣ដប ទឹកម្ទេស១៨ដប ដុំស៊ុបខ្នរ ២០ដុំតូច សសៃគុយទាវ ៩កញ្ចប់ ម្សៅស៊ុបរ៉ុតឌី ៦៥កញ្ចប់តូច ម្សៅមីឡូ ៩កញ្ចប់ យកមករក្សាទុកនៅសាខាកាំកុងត្រូល ដើម្បីចាត់ចែងដុតកម្ទេចតានីតិវិធីច្បាប់។
លោកបានបញ្ជាក់ថា មន្ត្រីសាខាយើងបានអប់រំដល់អាជីវក និងធ្វើកិច្ចសន្យាបញ្ឈប់នាំទំនិញណាគ្មានគុណភាព ផុតថ្ងៃបរិច្ឆេទដាក់តាំងលក់បន្តនោះមន្ត្រីជំនាញយើងចាត់ការតាមផ្លូវច្បាប់ជាធរមាន៕