(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងធម្មការ និងសាសនា មានពិធីបិទសន្និបាត បូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាព លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ សូមបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា បានប្រជុំសន្និបាតបូកសរុបសកម្មភាពការងាររបស់ខ្លួន រយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃ១៦-១៧ ខែមីនា ឆ្នាំ២០១៦ ក្រោយពីបានបញ្ចប់បានសម្រេចលទ្ធផល និងលើកទិសដៅបន្តរួមមាន៖ បន្ត និងជំរុញការរៀបចំច្បាប់គ្រប់គ្រងសាសនាឲ្យបានឆាប់ចប់តាមសំណូមពរ និងតម្រូវការ បន្តពង្រឹង និងពង្រីកការគោរព សិរីភាពខាងជំនឿ និងសាសនា ពិសេសព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ពង្រឹងពុទ្ធិកសិក្សា បោះពុម្ភគម្ពីដីកា និងឯកសារនានា រួមចំណែកគាំទ្រសកម្មភាពសាសនាផ្សេងៗទៀត។
លោករដ្ឋមន្រ្តី បានឲ្យពង្រឹងសុខដុមនីយកម្ម វិសយ័សាសនា បន្តអប់រំគុណធម៌ សីលធម៌ ចរិយាធម៌ ដល់យុវជនតាម សាលារៀនទូទាំងប្រទេស បើកវគ្គបណ្តុះបណ្តាល ក្រមសីលធម៌អាចារ្យ ខ្មែរ បន្តសហការជាមួយសាសនានៅបរទេស សហការជាមួយគណសង្ឃនាយកទាំងពីរគណៈ រៀបចំឲ្យមានវគ្គវិក្រិតការគ្រូពុទ្ធិកសិក្សា និងវគ្គបណ្តុះបណ្តាលមន្ត្រីគ្រប់រាជធានី ខេត្ត អំពីច្បាប់រដ្ឋបាល។ កំណែទម្រង់ស៊ីជំរៅ សេវាសាធារណៈ ច្រកចេញចូលតែមួយ និងប្រសិទ្ធិភាពការងារ។ ជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ គោលនយោបាយជាតិ និងពន្លឿនការបើកបៀវត្សដល់មន្ត្រីរាជការឲ្យទាន់ពេលវេលា ទទួលភារកិច្ចរៀបចំបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា និងបុណ្យដង្ហែរព្រះបរមសារីរិកធាតុព្រះបរមរាជវាំង ទៅគង់ប្រថាប់នៅភ្នំឧត្តុង្គនៅថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៦ តាមការប្រគល់ឲ្យរបស់រាជរដ្ឋាភិបាល ដោយសហការជាមួយគ្រប់ស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។
អង្គសន្និបាតបានលើកឡើងពីសកម្មភាពរីកចម្រើន ខាងវិស័យសាសនាក្រោមការដឹកនាំរបស់លោកបណ្ឌិត មិន ឃិន ជារដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕