(សៀមរាប)៖ បុរសវ័យក្មេងម្នាក់ឈ្មោះ ទង់ វណ្ណដា អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប មានមុខរបរជាមន្រ្តីនគរបាល នៅអធិការដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប បានចេញមុខជំនួសម្ដាយ ដែលជាស្រ្ដីមេម៉ាយសម្រាប់តទល់ រឿងក្តីជាមួយភាគីគូរបណ្ដឹងត្រូវជាអ៊ុំ ពូ មីងបង្កើត៥នាក់ ក្រោយពីពួកគេបានប្តឹងយកដីកេរ្តិ៍ឪពុករបស់ខ្លួន ជាអតីតនគរបាល ហើយបានស្លាប់ទៅហើយនោះ។ ការចេញមុខមកប្រឆាំងតទល់តាមផ្លូវតុលាការ គឺដើម្បីការពារដី និងលំនៅដ្ឋាន ដែលរូបគេរួមនិងម្ដាយ បងប្អូន បានរស់នៅនិងអាស្រ័យផលជាមួយឪពុក តាំងពីមុន និងក្រោយពេលគាត់ស្លាប់ ចាប់តាំងពីឆ្នាំ១៩៩០ រហូតដល់បច្ចុប្បន្ន។
មន្រ្តីនគរបាលក្រុងសៀមរាបរូបនេះ បាននិយាយថា ឥឡូវដី និងលំនៅដ្ឋានជាកេរ្តិ៍របស់ឪពុកលោក ត្រូវបានចាញ់ក្ដី ជាមួយភាគីដែលមានលុយមានអំណាច ជាពូបង្កើតរបស់ខ្លួន ហើយប្អូនប្រុស និងម្ដាយ រួមនិងបងប្អូន បានអំពាវនាវសុំពន្លឺយុត្តិធម៌ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
លោក វណ្ណ ដា តាមរយៈអង្គភាព Fresh News បានសូមគោរពចូលមកសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍ដើម្បីរកយុត្តិធម៌ឲ្យរូបគាត់ និងគ្រួសាររបស់គាត់អំពីសុំណុំរឿងរដ្ឋប្បវេណីលេខ ២០៦ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ឈ្មោះរឿងក្តី «បណ្តឹងសុំសិទ្ធិគ្រប់គ្រងដីកេរ្តិ៍មរតក»។ លោកថា យោងតាមអង្គហេតុ សហដើមចោទមានគ្នាចំនួន៥នាក់ ទី១) ឈ្មោះ ទង់ លីន ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ឪពុកខ្លួន, ទី២) ឈ្មោះ ទង់ ណាវី ភេទស្រី អាយុ៥០ឆ្នាំ ដែលពួកគាត់ទាំងពីរនាក់ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្ត សៀមរាប, ទី៣) ឈ្មោះ វណ្ណ ប៉ុណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ (បច្ចុប្បន្នជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប) មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទី៤)ឈ្មោះ ទង់ ប៉ុនណារ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិកាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងទី៥)ឈ្មោះ ទង់ ប៉ុនណារ៉ុប ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិភ្ញាជ័យ សង្កាត់ស្វាយងដង្គំ ក្រុងសៀមរាប (ពួកគាត់ទាំង៥នាក់ ត្រូវជាបងប្អូនបង្កើតរបស់ឪពុកខ្លួន)។
នគរបាលរូបនេះ បានរៀបរាប់ថា «ក្រោយពីឪពុករបស់ខ្ញុំបានស្លាប់ទៅ នៅចុងឆ្នាំ២០១៣ ពួកគាត់ទាំង៥នាក់ បានឃុបឃិតគ្នាប្តឹងម្តាយរបស់ខ្ញុំ ទៅសាលាដំបូងខេត្តសៀមរាប ដោយបែងចែកដីលំនៅដ្ឋាន ដែលជាដីកម្មសិទ្ធិរបស់ខ្មោចឪពុកខ្ញុំ ជា ៦ចំណែកស្មើគ្នា។ ដោយពួកគាត់សំអាងថា ដីនេះគឺជារបស់ ឈ្មោះ សុខ គាន ត្រូវជាម្តាយរបស់ឪពុកខ្ញុំ (ជាយាយខ្ញុំ) ដោយពុំមានអ្វីជាសំអាងទាំងអស់ និងភស្តុតាងអ្វីសូម្បីតែមួយសន្លឹក គឺពួកគាត់សំអាងតែលើសាក្សីដែលមិនដឹងរឿងប៉ុណ្ណោះ និងតាមសាលក្រមលេខៈ ២៧ឌ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តសៀមរាប តែប៉ុណ្ណោះ»។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ លោក សំ ប៉ុនពៅ ចៅក្រមជំនុំជម្រះបានសម្រេច ទី១) ប្រគល់សិទ្ធិឲ្យសហដើមចោទគ្រប់គ្រងដីកេរ្តិ៍មរតកទំហំ២២ម៉ែត្រ គុណ៦២ម៉ែត្រ និងក្នុងនោះមានផ្ទះថ្ម ១ខ្នង ដែលត្រូវជាកម្មសិទ្ធិ និងកសាងដោយផ្ទាល់ពីខ្មោចឪពុកខ្ញុំ និងខ្ញុំបាទ ដែលកំពុងរស់នៅសព្វថ្ងៃ គឺមានព្រំប្រទល់ខាងជើងទល់និងក្បាលដីលេខ: ១២៧១ ខាងត្បូងជាប់ក្បាលដី និងឈ្មោះ សាយ គីមលាង ដីលេខ:១២៦១ និងឈ្មោះ ហាំ ប៊ុនហេង ដីលេខ:១២៦៤ ខាងកើតទល់ និងឈ្មោះ អ៊ូ ឈា ដីលេខ: ១២៦៥ និងខាងលិចទល់ និងផ្លូវស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ទី២) ចៅក្រមបានសម្រេច ចែកដីកេរ្តិ៍មរតក ដូចមានបញ្ជាក់ក្នុងចំនុចខាងលើជា ៦ចំណែកស្មើរគ្នា។ ចំពោះការសម្រេចនេះ គឺវាអយុត្តិធម៌បំផុត សម្រាប់ប្អូន និងក្រុមគ្រួសារប្អូនទាំងមូល ពីព្រោះដីនេះ គឺជាដីកេរ្តិ៍របស់ខ្មោចឪពុកលោកដោយផ្ទាល់ ហើយនៅពេលដែលអត់ពីគាត់ទៅ គឺប្រពន្ធ និងកូនៗ ជាអ្នកទទួលមរតកស្របច្បាប់ និងជាក់ស្ដែង។ ប៉ុន្តែសាលាដំបូងខេត្តសៀមរាប បានសរសេរសាលក្រមត្រង់ចំណុច សំអាងហេតុលេខៈ ០៣ បំភ្លើស និងខុសពីការពិតទាំងស្រុង ហើយបានសសេរបំបាត់នូវភស្តុតាង ដែលឪពុកប្អូន បានកាន់កាប់ស្របច្បាប់ជាក់ស្តែងថា ពុំមានឯកសារភស្តុតាង និងពុំមានលិខិតយថាភូត ដែលបញ្ជាក់ថា ឪពុកលោកពុំមែនជាកម្មសិទ្ធិករលើដីដែលកំពុងមានវិវាទនេះឡើយ។ ហើយបានបែងចែក ដីកេរ្តិ៍នេះទៅឲ្យអ្នកដទៃ ដោយផ្ទុយនិងច្បាប់ទៅវិញ។
ជាថ្មីម្ដងទៀត ប្អូនបានសំណូមពរជូនសម្តេចតេជោ ព្រមទាំងស្ថាប័នកំពូលៗ នៃតុលាការកម្ពុជា មេត្តាជ្រាប់ថា ដីទំនាស់នេះ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ឈ្មោះ ទង់ ប៉ុណ្ណារ៉េត ដែលត្រូវជាឪពុកបង្កើតរបស់លោក ដែលត្រូវបានរដ្ឋចែកឲ្យក្នុងអំឡុងឆ្នាំ១៩៨៥ ដែលមានបង្កាន់ដៃជាក់ស្ដែង និងបានទទួលពាក្យលេខៈ ១៣០៣៩ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៩១ របស់ភូមិបាល ការិយាល័យកសិកម្មស្រុក ក្នុងលិខិតបញ្ជាក់ប្រវត្តិដីលេខៈ ៣៣៧សសដ ចុះថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១០ របស់អាជ្ញាធរសង្កាត់ស្វាយដង្គំ, ពាក្យសុំសាងសង់លំនៅដ្ឋានស្រាល លេខ: ០៦៨ ចុះថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០០៦ របស់អាជ្ញាធរចៅសង្កាត់ស្វាយដង្គំ, លិខិតប្រកាសពន្ធលើអចលនទ្រព្យ និងផ្ទះរៀងរាល់ឆ្នាំ, និងបង្កាន់ដៃលេខក្បាលដី ១២៦៣ ដែលមានបង្កាន់ដៃលេខ ១២០៧៤០៦ ចុះថ្ងៃទី០៥. ០២. ២០១០ របស់អាជ្ញាធរសុរិយោដី តាមលក្ខណះប្រព័ន្ធជាភស្តុតាង។ លោកបន្ថែមថា ដែលទាំងអស់ខាងលើនេះ សុទ្ធតែជាឯកសារគតិយុត្តិ ដែលកសាងដោយអាជ្ញាធរមានសមត្តិកិច្ចទាំងអស់ មិនអាចក្លែងបន្លំបានឡើយ និងចាំយកតែវិញ្ញាប័ណ្ណប័ត្រសំគាល់ម្ចាស់អចលនវត្តុ {ប្លង់រឹង} តែប៉ុណ្ណោះ។ ហើយម្តាយប្អូន កើតទុក្ខមិនសុខចិត្ត ក៏បានប្តឹងបន្តទៅឧទ្ធរណ៍ សុំណុំរឿងលេខ១០៨ ចុះថ្ងៃ៣ ខែមីនា ឆ្នាំ២០១៥។ សាលដីការលេខៈ ៤០ ក្រ៦ឃ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ដោយមានប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃុន លាងម៉េង ចៅក្រមប្រឹក្សាលោក អិន វ៉ានវិបុល លោក ងួន រតនា និងក្រឡាបញ្ជី លោកស្រី ប៉េស រីណា បានសម្រេច៖
ទី១) ច្រានបណ្តឹងឧទ្ធរណ៏ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ របស់ម្តាយលោកចោលជាអាសាបង់។ ទី២) តំកល់សាលក្រមរដ្ឋប្បវេណីលេខ ២៧ឌ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ របស់សាលាដំបូខេត្តសៀមរាបទុកជាបានការដដែល ។ ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍នេះ គឺវានៅតែមានភាពអយុត្តិធម៌ ចំពោះប្អូន និងក្រុមគ្រួសារដដែល ពីព្រោះសាលាឧទ្ធរណ៍ បានសរសេរនូវសាលដីកា ដោយមិនផ្អែកទៅការពិនិត្យភស្តុតាង និងបានសរសេរបំបាត់ភស្តុតាង ដែលឪពុកប្អូនមាន គឺត្រង់ចំនុចសំអាងហេតុ លេខ៥ ដោយបាននិយាយថា តាមការអះអាងរបស់ម្តាយលោក និងលោកថា៖ ដីទំនាស់នេះ រដ្ឋអំណាចចែកឲ្យឪពុករបស់លោក ប៉ុន្តែការអះអាងនេះ គឺពុំមានឯកសារអ្វី ដើម្បីធ្វើជាភស្តុតាងឡើយ គឺវាផ្ទុយនិងការពិតទាំងអស់ ពីព្រោះឪពុករបស់លោកកាន់កាប់មានលិខិតស្របច្បាប់ទាំងអស់។
ដោយហេតុនេះហើយ ទើបមា្តយរបស់លោក និងលោក កើតទុក្ខមិនសុខចិត្ត ក៏បានបន្តដាក់ពាក្យបណ្តឹងសាទុក្ខ ទៅនឹងសាលដីការលេខ៤០ ក្រ៦ឃ ចុះថ្ងៃទី៣១ កក្កដា ឆ្នាំ ២០១៥ របស់សាលាឧទ្ធរណ៍ ក្នុងសុំណុំរឿងលេខ១០៨ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ របស់សាលាឧទ្ធរណ៍ ទៅកាន់តុលាការកំពូល។ លោកបានដាក់ពាក្យបណ្តឹងសាទុក្ខមួយច្បាប់ និងម្តាយរបស់ប្អូន បានដាក់ពាក្យបណ្តឹងសាទុក្ខមួយច្បាប់ដែរ។ ហើយនៅពេលនេះសុំណុំរឿងទាំងអស់បានផ្ញើទៅដល់តុលាការកំពូលរួចហើយ និងស្ថិតនៅក្នុងការកាត់ក្តី របស់តុលាការកំពូល ពីព្រោះរូបប្អូន និងបងប្អូនបង្កើតរបស់ប្អូន ៤នាក់ទៀត ដែលជាកូនកំព្រាឪពុក បែជាមិនបានទទួលមរតករបស់ខ្មោចឪពុកបង្កើតខ្លួន។ ហើយបែជាបានទៅអ្នកដទៃ ដែលផ្ទុយនិងច្បាប់ទៅវិញ។ ពេលនេះលោក និងក្រុមគ្រួសារបានធ្វើសុំណូមពរ ជូនសម្ដេចតេជោ និងស្ថាប័នកំពូលៗរបស់រដ្ឋ មេត្តាជួយពិនិត្យ និងផ្ដល់យុត្តិធម៌គឺ៖
ទី១) ក្រុមគ្រួសារប្អូន សូមសម្តេចតេជោ មេត្តាជួយធ្វើអន្តរាគមន៍ ផ្ដល់នូវភាពសច្ចៈ និងយុត្តិធម៌ជូនប្អូន និងក្រុមគ្រួសាររបស់ប្អូនផង។
ទី២) ក្រុមគ្រួសារប្អូន សូមសម្តេចតេជោ មេត្តាជួយស៊ើបអង្កេត លើភាពមិនប្រក្រតី និងនីតិវិធីរបស់សាលាដំបូងខេត្តសៀមរាប រួមទាំងសាលាឧទ្ធរណ៍ ដែលបានសម្រេចខុសនិងនីតិវិធី ហើយសសេរសាលក្រម និងសាលដីកាបំបាត់នូវភស្តុតាង និងផ្ទុយពីការពិតទាំងស្រុង
ទី៣) ក្រុមគ្រួសារប្អូន សូមសម្តេចតេជោ មេត្តាជួយយើងខ្ញុំ ទទួលបាននូវវិញ្ញាប័ណ្ណប័ត្រសំគាល់ម្ចាស់អចលនវត្តុ (ប្លង់រឹង) ស្របច្បាប់ផង ដើម្បីធ្វើជាភសត្តុតាងនៅថ្ងៃឡើង សវនាការតុលាការកំពូល ពីព្រោះ វិញ្ញាប័ណ្ណប័ត្រសម្គាល់ម្ចាស់អចលនវត្តុ (ប្លង់រឹង) បានចេញយូរណាស់ហើយ តែខាងមន្ទីសូរិយោដីខេត្តសៀមរាប មិនព្រមចេញឲ្យ ដោយសំអាងថា ឈ្មោះ ម្ចាស់កម្មសិទ្ធ ដែលត្រូវជាឪពុកប្អូន បានស្លាប់ហើយ ទោះបីជាម្តាយប្អូន ក៏មិនអាចដកបានដែរ។លោកក៏បានបញ្ជាក់ផងដែរថា រឿងរ៉ាវដែលនាំឲ្យក្រុមគ្រួសាររបស់លោកចាញ់ក្ដី នាពេលកន្លងមកនេះ គឺដោយសារតែអ្នកដែលប្តឹងម្តាយលោក គឺជាអ្នកមានអំណាច និងមានលុយនៅសាលាខេត្តសៀមរាប។
ក្រុមគ្រួសារប្អូនបន្តសំណូមពរថា សូមសម្តេចតេជោមេត្តាបញ្ជូនក្រុមការងារស៊ើបអង្កេត នៅថ្ងៃដែលលោក និងក្រុមគ្រួសារ ឡើងសវនាការ ដើម្បីពិនិត្យនិងស្វែងយល់ពីភាពមិនប្រក្រតីនានាផង។ លោកថា ពីព្រោះកន្លងទៅ ក្នុងករណីនេះ គឺក្រុមគ្រួសាររបស់ប្អូន បានទទួលតែភាពអយុត្តិធម៌រកទីបំផុតគ្មាន ហើយលោកនឹងសុខចិត្តឡើងឆ្លើយបំភ្លឺ ចំពោះមុខ នៅតាមស្ថាប័ន និងសមត្តិកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ហើយលោកសុំទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាននូវរាល់ពាក្យសំដី ឯកសារទាំងអស់ ដែលប្អូនបាទបាននិយាយ និងផ្ដល់ជូន៕