(ភ្នំពេញ)៖ អតីតមន្ត្រីយោធាពាក់ស័ក្តិ៥ម្នាក់ នៃក្រសួងការពារជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ជំនុំជម្រះក្រោមការចោទប្រកាន់ពីបទ «ឆបោក» ពាក់ព័ន្ធនឹងការយកប្រាក់២៨០០ដុល្លារពីបុរសរងគ្រោះម្នាក់ ដើម្បីរត់ការ និងផ្តល់តូនាទីដល់ជនរងគ្រោះ ជាមន្រ្តីយោធា មានក្របខណ្ឌបម្រើការក្រសួងការពារជាតិ ក៏ប៉ុន្តែបានស៊ីដាច់ប្រាក់របស់ជនរងគ្រោះ រហូតមកទល់សព្វថ្ងៃនេះ។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ២០១៦នេះ។ លោក យ៉ិន សារឿន ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទខាងលើនេះ មានឈ្មោះ អ៊ុក ស៊ីថន ភេទប្រុស អាយុ៣៩ឆ្នាំ ជាអតីតមន្ត្រីយោធាមានឋានៈ ជាវរៈសេនីយ៍ឯកបម្រើការនៅនាយកដ្ឋានអធិការកិច្ចនៃ ក្រសួងការពារជាតិ ។ គាត់ជាប់ចោទពីបទ «ឆបោក» តាមមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
លោកចៅក្រម លោក យ៉ិន សារឿន បានបញ្ជាក់ថា ជនជាប់ចោទ ឈ្មោះ អ៊ុក ស៊ីថន ត្រូវបានចាប់ខ្លួននេះ ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ក្រៅពីសំណុំរឿងក្តីនេះ ឈ្មោះ អ៊ុក ស៊ីថន ក៏ត្រូវបានជាប់ចោទពីបទឆបោក នៅក្នុងសំណុំរឿងព្រហ្មទណ្ឌផ្សេងមួយទៀតផងដែរ ជានពាក់ព័ន្ធនឹងការយកប្រាក់ចំនួន១២០០០ដុល្លារពីពួកគេ ដើម្បីរត់ការនិងផ្តល់តួនាទីជាគ្រូពេទ្យយោធា នៃក្រសួងការពារជាតិ ក៏ប៉ុន្តែបានស៊ីដាច់ប្រាក់របស់ជនរងគ្រោះ។
គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងចាស់នោះ ឈ្មោះ អ៊ុក ស៊ីថន ត្រូវបានលោកចៅក្រម តុប ឈុនហេង ជាអនុប្រធាននៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់គុកកំណត់១ឆ្នាំ ពិន័យ១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ៕