(ភ្នំពេញ)៖ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានមកដល់កម្ពុជា នាវេលាម៉ោង ៨យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល១ថ្ងៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីសម្រាក១យប់ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានជួបពិភាក្សាការងារជាមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន នៅព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ដែលជាអគារប្រណីតមួយ នៅកណ្តាលទីក្រុងភ្នំពេញ។

អំឡុងនៃកិច្ចពិភាក្សា រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនាមជាមិត្តភក្តិ និងដៃគូ ដោយក្នុងនោះបានលើកឡើងពីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន។ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានបញ្ចុះបញ្ចូលឱ្យ លោក ដូមីនិក រ៉ាអាប់ ទិញយកឥណទានកាបូនពីប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិរក្សព្រៃឈើ និងសត្វព្រៃ ក៏ដូចជាជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសសន្យាថា នឹងបញ្ជូនក្រុមបេសកកម្មជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការរបស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះលោក ដូមីនិក រ៉ាអាប់ បានបន្តជួប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

 

នៅក្នុងជំនួបទ្វេភាគីនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានយកឱកាសថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់ប្រទេសកម្ពុជា។ ការថ្លែងអំណរគុណនេះ បានធ្វើឡើងតាមរយៈ លោក ដូមីនិក រ៉ាអាប់ ដែលបំពេញទស្សនកិច្ចនៅកម្ពុជា។ ចក្រភពអង់គ្លេស ដែលបានចាកចេញពីសហភាពអឺរ៉ុប កាលពីចុងខែធ្នូ ឆ្នាំមុន បានសម្រេចបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់ប្រទេសកម្ពុជា ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីមើលឃើញស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ១៩ បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៃទំនិញប្រមាណ២០% ដែលនាំចូលពីប្រទេសកម្ពុជា។

 

ដោយនឹងកាន់ តំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រដល់ចក្រភពអង់គ្លេស ក្នុងការធ្វើជាសន្ទនាជាមួយអាស៊ាន នាពេលខាងមុខ។ រហូតមកដល់បច្ចុប្បន្នអាស៊ាន មានដៃគូសន្ទនាចំនួន ១០ប្រទេស រួមមាន៖ អូស្រ្តាលី, កាណាដា, ចិន, សហភាពអឺរ៉ុប, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង, នូវែលហ្សេឡង់, រុស្ស៉ី និងសហរដ្ឋអាមេរិកជាដើម។

 

អំឡុងជំនួបទ្វេភាគីនេះ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអះអាងជាថ្មីនូវការគាំទ្ររបស់ចក្រភពអង់គ្លេសដល់កម្ពុជា សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង ៣០ ប្រទេស និងអាស៊ីចំនួន ២១ ប្រទេស ព្រមទាំងលេខាធិការអាស៊ាន ដែលនឹងលើកឡើងពីបញ្ហានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាមួយគោលបំណងនៃការលើកកម្ពស់ទំនាក់ទំនងរវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណងនៃការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូដោយស្មើសិទ្ធិគ្នា។

ក្រោយបញ្ចប់ជំនួបជាមួយរដ្ឋមន្រ្តី២រូបរបស់កម្ពុជា លោក ដូមីនិក រ៉ាអាប់ ក៏អញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ អំឡុងទទួលនូវដំណើរទស្សនកិច្ចនេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ បានបង្ហាញដល់ លោក ដូមីនិក រ៉ាអាប់ នូវប្រវត្តិសាវតាររបស់មេដឹកនាំខ្មែរក្រហមដោយមាន ប៉ុល ពត ជាមេដឹកនាំ ព្រមទាំងប្រវត្តិនៃអ្នកទទួលខុសត្រូវខ្ពស់បំផុតដទៃទៀត ដែលត្រូវកាត់ទោសនៅក្នុងសាលាក្តីខ្មែរក្រហម។

បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានហោះចាកចេញពីកម្ពុជាវិញ នៅព្រលប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១តែម្តង ដោយលោកត្រូវបន្តដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ដែលជាប្រទេសអាស៊ានចុងក្រោយ នៃទស្សនកិច្ច៣ប្រទេសរបស់លោក បន្ទាប់ពីវៀតណាម និងកម្ពុជា។

នៅចុងបញ្ចប់នៃទស្សនកិច្ចនេះ ក្រសួងការបរទេសក៏បានប្រកាសលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ លោក ដូមីនិក រ៉ាអាប់ ដោយបានកត់សម្គាល់នូវការពិភាក្សាដ៏សំខាន់រវាងប្រមុខការទូតនៃប្រទេសទាំងពីរ។

លោក ដូមីនិក រ៉ាអាប់ គឺជារដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេសដំបូងគេបង្អស់ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនងការទូត។ លោកក៏ជាប្រមុខការទូតនៃប្រទេសជាមិត្តទី៤ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា អំឡុងរាតត្បាតជំងឺកូវីដ១៩។

តាមគម្រោង ក្នុងពេលបំពេញទស្សនកិច្ចនេះ លោក ដូមីនិក រ៉ាអាប់ ក៏មានកម្មវិធីជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប៉ុន្តែចៃដន្យដោយសារសម្តេចតេជោ បានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្រុមគ្រូពេទ្យតម្រូវឱ្យសម្តេចធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ហើយជំនួបនេះក៏ត្រូវបានលុបចោលវិញ។

ក្រសួងការបរទេសបានកត់សម្គាល់ថា ទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជាបានរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន។