(ភ្នំពេញ)៖ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យពលរដ្ឋនៅកម្ពុជា ទទួលបានភាពកក់ក្ដៅ រួមទាំងជនបរទេស ដែលមកបំពេញការងារ និងរស់នៅទីនេះផងដែរ។
លើសពីនោះលោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ បានលើកឡើងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅកម្ពុជា ដែលមានមានល្បឿនលឿន និងមានភាពល្អប្រសើរ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់លទ្ធភាពសម្រាប់ឱ្យជនបរទេស អាចទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមិនគិតថ្លៃ និងមានភាពស្មើគ្នា រវាងពលរដ្ឋខ្លួន និងជនបរទេស ដោយមិនមានការរើសអើង។
ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញជួបសម្ដែងការគួរសម និងជម្រាបលា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង ដែលលោកស្រី បានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា, ជំនួបនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។
ឯកអគ្គរដ្ឋទូតបារាំង ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជារូបនេះ បានគូសបញ្ជាក់ថា សម្រាប់ករណីឆ្លងរាតត្បាតកូវីដ១៩ នៅកម្ពុជាបច្ចុប្បន្ននេះ មិនមែនជារឿងដោយឡែកសម្រាប់តែកម្ពុជានោះទេ ពីព្រោះនៅតាមបណ្ដាប្រទេសនៅលើសកលលោក ក៏កំពុងតែមានបញ្ហាផ្ទុះ ឆ្លងរីករាលដាល ជាពិសេស គឺវីរុសបម្លែងថ្មី។ ដូច្នេះការខិតខំប្រឹងប្រែងនេះ ក៏ជាបទពិសោធន៍ល្អមួយសម្រាប់កម្ពុជា ជាមួយនឹងជំងឺកូវីដ១៩ ហើយបារាំងនៅតែបន្ដកិច្ចសហប្រតិបត្ដិការ ជួយជ្រោមជ្រែង និងចូលរួមចំណែក តាមរយៈវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ដើម្បីជួយទៅដល់កម្ពុជា ក្នុងការរុករក ក៏ដូចជាវិភាគរកនូវមេរោគកូវីដ១៩ ជាពិសេស ពពួកបម្លែងថ្មីនេះ ។
ជាមួយគ្នានោះ លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា បានផ្ដល់ភាពកក់ក្ដៅ និងកិច្ចសហប្រតិបត្ដិការទ្វេភាគីរវាងសាធារណរដ្ឋបារំាង និងកម្ពុជាបានយ៉ាងល្អប្រសើរ។
ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ដល់សាធារណរដ្ឋបារំាង និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាផ្ទាល់តែម្ដង ដែលកន្លងមកតែងតែយកចិត្ដទុកដាក់ និងផ្ដល់ការគាំទ្រដល់ការវិស័យសុខាភិបាល ពិសេសក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ។លើសពីនោះ ក្នុងបរិបទប្រឆាំងនឹងជំងឺកូវីដ១៩នេះ គឺមានការសហការគ្នាយ៉ាងល្អ ក្នុងការជំរុញលើបច្ចេកទេស ដើម្បីចូលរួមចំណែកអនុវត្ដឱ្យបានល្អប្រសើរលើវិធានការអនុវត្ដការងារ ឆ្លើយតប ក៏ដូចជាទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ទន្ទឹមនឹងនោះ រដ្ឋមន្រី្ដសុខាភិបាល ក៏បានជូនពរដល់លោកស្រី មានសុខភាពល្អ និងធ្វើដំណើរទៅកាន់របស់ប្រទេសខ្លួនប្រកបដោយសុខសុវត្ថិភាពផងដែរ៕