(ព្រះសីហនុ)៖ គ្រឿងឧបភោគ បរិភោគ រួមនិងថវិការមួយចំនួន ត្រូវបានក្រុមគ្រួសារមនុស្សធម៌០៣ រស់នៅក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឧកញ៉ា ទៀ វិចិត្រ បាននាំយកទៅជូនក្រុមយុវជន កំពុងបន្សាបគ្រឿងញៀន នៅមណ្ឌលបន្សាបសារធាតុញៀន ស្ថិតក្នុងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដែលកំពុងមានការខ្វះខាត លើផ្នែកស្បៀងអាហារ។
ឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមគ្រួសារមនុស្សធម៌០៣ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងវប្បធម៌ចែករំលែក ពីអ្នកមានធនធានទៅឲ្យ អ្នកក្រខ្សត់ ឬលំបាកក្តីក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តែងតែបានគិតពីសុខទុក្ខប្រជាពលរដ្ឋ ទាំងអស់នៅទូទាំងប្រទេសទើប នៅថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៦ ក្រុមគ្រួសារមនុស្សធម៌០៣ បាននាំយកគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកាមួយចំនួន មកឧបត្ថម្ភដល់ ក្រុមយុវជនដែលកំពុង បន្សាបសារធាតុញៀន នៅក្នុងមណ្ឌលមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងកែប្រែអប់រំលើផ្នែកចិត្តសាស្ត្រ។
លោកវរសេនីយ៍ ហ៊ត សីហា ក្នុងនាមលោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រួសារមនុស្សធម៌០៣ ដឹកនាំ ដោយឧកញ៉ា ទៀ វិចិត្រ ដែលបានយកចិត្តទុកដាក់ជាពិសេស ចំពោះយុវជន ដែលកំពុងទទួលការបន្សាប សារធាតុញៀននេះ ដែលជាសារមួយបង្ហាញអំពីភាពសាមគ្គី មិនប្រកាន់ វណ្ណៈមិនរើសអើងបក្សពួក ក្នុងនាមពូជសាសន៍តែមួយ៕