(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតបណ្តាញអគ្គិសនីជូនដល់អតីតយុទ្ធជននៅក្នុងភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង»ឃុំព្រងិល ស្រុកភ្នំក្រវាញ។
មកដល់ពេលនេះផ្ទះដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ប្រមាណ ១០៥ខ្នងហើយត្រូវបានសាងសង់រួចរាល់ ខណៈផ្ទះ២៥ខ្នងទៀតកំពុងសាងសង់បន្តក្នុងតំបន់ A លើគម្រោង ១៥០ខ្នង ក្នុងជំហានទី២។
ក្រៅតែពីការសាងសង់ផ្ទះហើយនោះ ក្រុមការងាររបស់សមាគមអតីតយុទ្ធជន និងអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំសាងសង់មណ្ឌលសុខភាព, សាលារៀន ព្រមទាំងដាក់ផែនការមួយចំនួនដល់មន្ត្រីប្រចាំការ ដើម្បីពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
លោក ម៉ៅ ធនិន ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានកិត្តិយសនៃសមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ បានចុះតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើការងារសាងសង់នេះ ដើម្បីសម្រេចឱ្យបានលឿនជូនដល់អតីតយុទ្ធជន តាមការចង្អុលបង្ហាញរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ដីនៅទីតាំងខាងលើជូនដល់អតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់ប្រមាណ ៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅដ្ឋាន និងដីកសិកម្ម) ទំហំ ៧០ម៉ែត្រ គុណ១៥០ម៉ែត្រ។
ទន្ទឹមនឹងរាជរដ្ឋាភិបាលផ្តល់ដីហើយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសប្បុរសជន បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាត និងមានពិការភាពទាំង ៦២៨គ្រួសារនេះផងដែរ។ បច្ចុប្បន្នផ្ទះសាងសង់បាន ១០៥ខ្នងហើយ ក្នុងនោះ ៥០ខ្នង ត្រូវបានប្រគល់-ទទួល ជំហាន១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។
ការផ្តល់ជូនសម្បទានដីសង្គមកិច្ច និងផ្ទះខាងលើនេះ គឺជាការមើលឃើញពីពលីកម្មដ៏ធំធេង របស់អតីតយុទ្ធជនពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជារដ្ឋបាលខេត្ត ដែលពួកគេបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។
អតីតយុទ្ធជន និងគ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះដែលសាងសង់រួច ពួកគេមានជំនឿជឿជាក់ និងប្តេជ្ញាកសាងជីវិត នៅលើទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម មានសុភមង្គល និងមានទេសភាព អាកាសធាតុដ៏ស្រស់ត្រកាលមួយនេះតរៀងទៅ៕