(ព្រៃវែង)៖ នៅសាកលវិទ្យាល័យជាស៉ីមកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាស៉ីមកំចាយមារ តំណាងបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡា និងនាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ តំណាង សម្ដេចក្រឡាហោម ស ខេង និងមានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដីគណៈគ្រប់គ្រង និងនិស្សិតសរុបចំនួន ៣៥នាក់។
សមិទ្ធិផលដ៏មហិមារជាប្រវត្តិសាស្ដ្រនេះជាអំណោយ របស់សម្ដេចក្រឡាហោម ស ខេង និងដឹកនាំស្ថាបនាដោយនាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងផ្ដល់ឱកាសដល់សិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាបឋមភូមិនៅស្រុកកំចាយមារ និងតំបន់នានាទូទាំងប្រទេសមានលទ្ធភាពបន្តការសិក្សាកម្រិតអប់រំបច្ចេកទេស និងវិជ្ជាជីវៈគ្រប់ជំនាញចាប់ពីកម្រិតទី១ ទី២ ទី៣ និង៤ ដើម្បីចូលរួមចំណែកអភិវឌ្ឍស្រុកកំចាយមារ និងស្រុកនានាជុំវិញ ក៏ដូចជាសង្គមជាតិទាំងមូល។
ពិធីនេះបានប្រព្រឹត្តទៅតាមលំដាប់លំដោយទំនៀមទម្លាប់ មានការរៀបចំពិធីសែនក្រុងពាលី សុំលាភសុំសុខសុំជោគសុំជ័យបុកគ្រឹះជានិមិត្តរូប និងសំណេះសំណាលប្រកបដោយបរិយាកាសឱឡារិកអធិកអធមគួរជាទីរីករាយស្និទស្នាល និងមោទកភាពក្រៃលែង៕