(សៀមរាប)៖ អ្នកស្រី យស់ លក្ខិណា ដែលកន្លងមកបាន សុំឲ្យប្រព័ន្ធព័ត៌មានចុះផ្សាយដោយអំពាវនាវស្វែងរក ពន្លឺយុត្តិធម៌ ពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ឲ្យជួយអន្តរាគមន៍ និងផ្ដល់យុត្តិធម៌ ក្នុងរឿងក្ដីនៅតុលាការ របស់គាត់ពាក់ព័ន្ធ និងអតីតប្តីដែលបានគំរាមសម្លាប់នោះ ឥឡូវនេះ អ្នកស្រីបានទទួលយុត្តិធម៌ហើយ ក្រោយពីលោកចៅក្រមខេត្តសៀមរាប កូយ សៅ បានកាត់ទោសជនជាប់ចោទគឺលោក ថោង សុខៃ ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងបង្គាប់ឲ្យផ្តល់សំណងចំនួន១៥លានរៀល។

លោក ថោង សុខៃ ជាអតីតប្តីរបស់លោកអ្នកស្រី និងជាអតីតនាយសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ស្រុកវារិន្ទ ខេត្តសៀមរាប ត្រូវបានតុលាការចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងគំរាមកំហែងថានឹងសម្លាប់»។ តាមរយៈការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទខាងលើនេះ អ្នកស្រី យស់ លក្ខិណា សូមកោតសរសើរចំពោះលោក កូយ សៅ ចៅក្រមសាលាដំបូង ខេត្តសៀមរាប និងជាប្រធានជំនុំជម្រះរឿងក្ដីនេះ ដែលប្រកបដោយគុណធម៌ និងយុត្តិធម៌ជូនអ្នកស្រីកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។

អ្នកស្រី យស់ លក្ខិណា អាយុ៤៦ឆ្នាំ មានទីលំនៅ បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ជាដើមបណ្ដឹងរដ្ឋប្បវេណី បានថ្លែងថា «លោក កូយ សៅ ក្នុងនាមប្រធានក្រុមប្រឹក្សាជុំនំជម្រះ បានកាត់ក្ដីប្រកបដោយគុណធម៌ យុត្តិធម៌ និងគ្រប់ជ្រុងជ្រោយ ដោយយកនូវទឡ្ហីករច្បាប់ និងភស្ដុតាងរបស់សមត្ថកិច្ច ដើម្បីវះកាត់ក្នុងដំណើររឿងឈ្មោះ ថោង សុខៃ ដែលត្រូវបានជាប់ចោទពីបទ ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងគំរាមកំហែងថា នឹងសម្លាប់ ប្រព្រឹត្តិនៅភូមិវាល សង្កាត់គោលចក ក្រុង-ខេត្ត សៀមរាប កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា២២២ និង២៣៣ នៃក្រមព្រហ្មទណ្ឌ ឥឡូវជនត្រូវជាប់ចោទ មានទោសតាមផ្លូវច្បាប់ហើយ គឺឲ្យជាប់ពន្ធនាគារយៈ២ឆ្នាំ និងពិន័យជាប្រាក់១៥លានរៀល»។

អ្នកស្រី លក្ខិណា បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ២៨៧ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥  និងតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះលេខ ៥១៦១ពស.ព្រទ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី០១ មីនា ឆ្នាំ២០១៦ តំណាងអយ្យការ លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាកោះហៅ អ្នកស្រីឲ្យទៅកាន់ សាលាដំបូងខេត្តកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅពេលរសៀល ដើម្បីចូលរួមសវនាការជំនុំជម្រះ រហូតដល់ពេលនេះ គឺអ្នកស្រីបានទទួលពន្លឺយុត្តិធម៌ហើយ។អ្នកស្រី បានបញ្ជាក់ទៀតថា «បើតាមសាវតាដែលអ្នកស្រីទទួលបាន ពីមន្ត្រីតុលាការខេត្តសៀមរាប មន្ត្រីអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ មួយចំនួន បានលើកឡើងស្រដៀងគ្នាថា លោក កូយ សៅ ជារឿយៗ គឺទទួលបានការគោរព និងការពេញចិត្តពីមហាជន ដោយសារតែលោកដោះស្រាយ និងកាត់ក្ដីប្រកបដោយសច្ចៈ និងយុត្តិធម៌»

ពួកគាត់បាននិយាយទៀតថា លោកចៅក្រម កូយ សៅ ក្រៅពីបំពេញកិច្ចការជាចៅក្រមយុត្តិធម៌ និងក៏ជាសាស្ត្រាចារ្យមុខវិជ្ជាច្បាប់ម្នាក់ ដែលមានការគោរព និងកោតសរសើរពីបណ្ដាសាស្រ្តាចារ្យដ៏ទៃទៀត និងសិស្ស-និស្សិតដែរ។ លោកចៅក្រមក៏មានកិត្តិសព្ទនៅក្នុងការប្រជុំសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល និងដោះស្រាយបញ្ហានានា នៅក្នុងចំណោមអង្គការសង្គមស៊ីវិលផងដែរ។

នៅពេលនេះ និងជាពេលខាងមុខ អ្នកស្រី ក៏បានសុំណូមពរបន្ថែមផងដែរថា ករណីនេះ ខាងមេធាវីរបស់ភាពគីឈ្មោះ ថោង សុខៃ គ្រោងប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីសុំឲ្យឈ្មោះ ថោង សុខៃ នៅក្រៅពន្ធនាគារនោះ ក្នុងករណីនេះ អ្នកស្រីបានសំណូមពរជាថ្មី ឲ្យបណ្ដាថ្នាក់ដឹកនាំ ពិសេសសាលាឧទ្ធរណ៍មេត្តាចាត់ការតាមផ្លូវច្បាប់ និងប្រកបដោយយុត្តិធម៌ ព្រោះកន្លងមកឈ្មោះ ថោង សុខៃ ធ្លាប់បន្តគម្រាមសម្លាប់អ្នកស្រី ទោះបីនៅពេលដែលរូបគេ ត្រូវបានឃុំខ្លួនបណ្ណោះអាសន្ននៅពន្ធនាគារ ហើយក៏ដោយដែលធ្វើឲ្យអ្នកស្រីនៅមានការភ័យខ្លាច និងព្រួយបារម្ភនៅពេលដែលឈ្មោះ ថោង សុខៃ ចេញមករស់នៅក្រៅសំណាញ់ច្បាប់៕