(ភ្នំពេញ)៖ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអះអាងជាថ្មីនូវការគាំទ្ររបស់ចក្រភពអង់គ្លេសដល់កម្ពុជា សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
ការអះអាងជាថ្មីនូវការគាំទ្ររបស់ចក្រភពអង់គ្លេស បានធ្វើឡើងក្នុងជំនួបទ្វេរភាគីរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក ដូមីនិក រ៉ាអាប់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។
កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីលើកពេលចំនួន២ដងដោយសារវិបត្តិកូវីដ១៩។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង ៣០ ប្រទេស និងអាស៊ីចំនួន ២១ ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។
កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហានយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាមួយគោលបំណងនៃការលើកកម្ពស់ទំនាក់ទំនងរវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណងនៃការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូដោយស្មើសិទ្ធិគ្នា។
លោក ដូមីនិក រ៉ាអាប់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បដិសណ្ឋារកិច្ចដ៏ល្អ និងការរៀបចំដ៏វិសេសវិសាលក្នុងអំឡុងពេលការស្នាក់នៅរបស់ ឯកឧត្តម នៅកម្ពុជា។
សូមបញ្ជាក់ថា លោក ដូមីនិក រ៉ាអាប់ បានមកដល់កម្ពុជាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។ ទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា បានរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន។
លោក ដូមីនិក រ៉ាអាប់ គឺជារដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេសដំបូងគេបង្អស់ដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា៕