(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) បានផ្ដល់ជំនួយជាឧបរករណ៍សម្ភារបរិក្ខារពេទ្យវេជ្ជសាស្ដ្រ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan ដែលប្រព្រឹត្ដទៅនាទីស្ដីការក្រសួង នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ។

សម្ភារបរិក្ខារវេជ្ជសាស្ដ្រ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសរុបជាថវិកាជាង៦៥ម៉ឺនដុល្លារនេះ រួមមាន៖
*ម៉ាស N95 ចំនួន ៧ម៉ឺនម៉ាស។
*ម៉ាស៊ីនជំនួយដកដង្ហើម (Oxygen Concentrator) ចំនួន ៣៦០គ្រឿង
*ឱសថ Dexamethasone ចំនួន ១៩,០០០ប្រអប់
*ម៉ាស៊ីនភ្លើង ចំនួន ២៥គ្រឿង

ក្នុងឱកាសនោះផងដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស៕