(ព្រះសីហនុ)៖ លោកបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ តំណាងលោកបណ្ឌិតខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូនាំយកអំណោយស្បៀងអាហារ និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួនជូនទៅរដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកបណ្ឌិត សុខ ប្រសិទ្ធិ បានសាកសួរសុខទុក្ខមន្ត្រីរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត អំពីស្ថានភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩ និងបានលើកឡើងអំពីការព្រួយបារម្ភ និងការយកចិត្តទុកដាក់ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំពោះប្រជាពលរដ្ឋខេត្តព្រះសីហនុទាំងមូល។
ក្នុងឱកាសនោះអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុរូបនេះ បានលើកសរសើរដល់លោកអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត រិះរកវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ បានយ៉ាងល្អប្រសើរ ក្រោមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ។
លោកអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្តម្ថជាសម្ភារៈ និងថវិកាមួយចំនួន ដែលជាចលករមួយក្នុងការជំរុញលើកទឹកចិត្តដល់មន្ត្រីរដ្ឋបាលខេត្ត។ ជាពិសេសក្រុមគ្រូពេទ្យឱ្យរឹតមានកម្លាំងចិត្តបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានជួយដល់ប្រជាពលរដ្ឋដែលរងការខ្វះខាតនៅក្នុងតំបន់បិទខ្ទប ព្រមទាំងក្រុមគ្រួសារដែលវិជ្ជមានកូវីដ១៩ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកបណ្ឌិត សុខ ប្រសិទ្ធិ នាំយកអំណោយលោកបណ្ឌិតរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីថ្នាក់ក្រោម និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុផងដែរ។ អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុរួមមាន៖ អង្ករ ០៥តោន, ទឹកសុទ្ធ ៤៥០កេស, មីជាតិ ១០០កេស, ទឹកស៊ីអ៉ីវ ១០០យួរ, ទឹកត្រី ១០០យួរ, ត្រីខកំប៉ុង ២៥កេសធំ, ម៉ាស់ ៣០០ប្រអប់ (១៥០០០ម៉ាស់), អាកុល ៥កាន និងថវិកា ២០លានរៀល ។ សរុបថវិកាទាំងអស់សម្រាប់ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុមានចំនួន ៤៥,២៦០,០០០ រៀល៕