(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្មីមួយ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា និងការខាតបង់សេដ្ឋកិច្ចដែលបង្កឡើងដោយសារគ្រោះថ្នាក់ទាំងនេះ ដោយប្រើប្រាស់ទិន្នន័យឆ្នាំ២០១៩ ដែលបានពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឆ្នាំ២០១៩ នៅកម្ពុជាមានការរងរបួសជិត ១៣ ៧០០ ករណី និងការបាត់បង់ជីវិត ជាង ២ ០០០ ករណីដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដោយជាមធ្យមមានមនុស្ស ៤ ឬ៥ នាក់បាត់បង់ជីវិតរៀងរាល់ថ្ងៃ។ កត្តានេះធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ក្លាយជាមូលហេតុនាំមុខគេនៃការបាត់បង់ជីវិត និងការរងរបួសនៅក្នុងព្រះរាជាណាចក្រនេះ។ ចំនួនករណីបាត់បង់ជីវិតដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងជិត ២៥ភាគរយ នៅក្នុងរយៈពេល១១ ឆ្នាំចុងក្រោយនេះ (២០០០-២០១៩) ពោលគឺខ្ពស់ជាងអត្រាកំណើនប្រជាជន ដែលស្មើនឹង១៧ភាគរយសម្រាប់រយៈពេលដូចគ្នា។ របាយការណ៍នេះបង្ហាញថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រយានយន្ត បន្ទាប់មកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងអ្នកប្រើប្រាស់យានយន្តដឹកទំនិញ។
ក្នុងចំណោមយានយន្តពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ដែលបានចុះបញ្ជីមានជាង ៨០ភាគរយ គឺជាទោចក្រយានយន្ត។ ករណីបាត់បង់ជីវិតភាគ ច្រើនកើតឡើងនៅតាមផ្លូវជាតិ និងនៅក្នុងរាជធានី។ នៅពេលដែលគេធ្វើការវាយតម្លៃលើករណីបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវគឺជាកត្តាចម្បង។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា បានលើកឡើងថា នេះជាលើកទី១ ដែលការវិភាគស៊ីជម្រៅបែបនេះ ត្រូវបានធ្វើឡើងដោយការប្រើប្រាស់ប្រព័ន្ធទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានទំហំធំបែបនេះ ហើយការវិភាគនេះបានផ្តល់ឱ្យយើងនូវការយល់ដឹងស៊ីជម្រៅពាក់ព័ន្ធនឹងករណីបាត់ប ង់ជីវិតនៅតាមដងផ្លូវ។
លោកបាន គូសបញ្ជាក់ថា «វាមិនមែនពាក់ព័ន្ធនឹងថាតើជនរងគ្រោះជាជនវ័យក្មេង ឬជាបុរសនោះឡើយ ប៉ុន្តែវាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ ជារួមវាពាក់ព័ន្ធនឹងឥរិយាបថរបស់អ្នក ដែលជាកត្តាកំណត់ពីការបាត់បង់ ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍»។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ មានជំនឿយ៉ាងមុតមាំថា ព័ត៌មានផ្សេងៗ ក្នុងរបាយការណ៍ រួមជាមួយលទ្ធផលនៃការសិក្សាអំពីការខាតបង់សេដ្ឋកិច្ចគឺជាធាតុចូលយ៉ាងសំខាន់សម្រាប់ការដាក់ចេញនូវវិធានការស័ក្តិសិទ្ធិ និងតម្រង់ទិសគោលនយោបាយរបស់រដ្ឋ និងរបស់អង្គការជាតិ អន្តរជាតិ វិស័យឯកជន ដែលមានសមានចិត្តក្នុងការជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា កាន់តែមានមូលដ្ឋានរឹងមាំបន្ថែមដើម្បីសហការ រួមចំណែកទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ និងអ្នករបួស។
លោកស្រីបានបន្ដថា ការសហការរួមចំណែកទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ គឺឆ្លើយតបសមស្របទៅនឹងមូលហេតុ ទីតាំង ពេលវេលា និងការខាតបង់សេដ្ឋកិច្ច ដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈសកម្មភាព និងបេសកកម្មពាក់ព័ន្ធ រួមទាំងការបន្តរឹតបន្តឹងការអនុវត្តច្បាប់ ការកែលម្អលក្ខខណ្ឌបច្ចេកទេសផ្លូវស្ពាន ពិសេសការអប់រំផ្សព្វផ្សាយជាដើម។
ក្នុងរបាយការណ៍នេះបង្ហាញថា នៅពេលដែលយើងត្រួតពិនិត្យកត្តាដទៃទៀតអថេរធំជាងគេដែលពាក់ព័ន្ធនឹងការបាត់បង់ជីវិតនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឡើងដោយសារ «កត្តាចំនួន៤ ដែលនាំឱ្យមានការបាត់បង់ជីវិត» រួមមាន ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ ទូរស័ព្ទពេលកំពុងបើកបរ។ កំហុសរបស់មនុស្សរួមចំណែកនាំឱ្យមានគ្រោះថ្នាក់ប្រមាណ ៩៨ភាគរយ ហើយគ្រោះថ្នាក់១៦ភាគរយ នាំឱ្យមានការបាត់បង់ជីវិត។
របាយការណ៍នេះរំលេចឲ្យឃើញពីភាពចាំបាច់ក្នុងការឆ្លើយតបជាបន្ទាន់។ ករណីបាត់បង់ជីវិតជាង ៨០ភាគរយ កើតឡើងភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ ជនរងគ្រោះត្រឹមតែ ៣៥ភាគរយ តែប៉ុណ្ណោះដែលបានទទួលសេវាសង្គ្រោះបឋមដែលថយចុះ ២៤ភាគរយ ធៀបនឹងឆ្នាំ២០១៨។
របាយការណ៍នេះ ផ្តល់ជាអនុសាសន៍ឱ្យមានការឆ្លើយតបក្នុងទម្រង់ជាគោលនយោបាយជាច្រើន ដូចជាការពន្លឿនការរៀបចំគោលនយោបាយ និងការពង្រឹងការប្រមូលទិន្នន័យការកែ លម្អហេដ្ឋារចនាសម្ព័ន្ធ និងលិខិតបទដ្ឋានគតិយុត្តនានាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសផ្តោតលើកត្តាទាំង ៤ ដែលនាំឱ្យមានការបាត់បង់ជីវិតដូចរៀបរាប់ខាងលើ ការបង្កើនការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកបើកបរ និងការអនុវត្តវិធានការ ដើម្បីឆ្លើយតបចំពោះស្ថានភាពបន្ទាន់៕