(កំពង់ធំ)៖ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយលោក ឆាយ សុត្រា និងលោក ពៅ សម្បូរណ៍ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានអញ្ជើញប្រគល់ទទួលស៊ីម៉ងត៍ ចំនួន៥០តោន ដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីកសាងសមិទ្ធផលផ្សេងៗឱ្យមានការរីកចម្រើន នៅក្នុងស្នងការ។ ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
លោក ស៊ិន វិរៈ បានលើកឡើងថា ការជួយឧបត្ថម្ភស៊ីម៉ងត៍ ដល់ស្នងការនគរបាលខេត្តកំពង់ធំ គឺជាការចូលរួមចំណែកជំរុញញឱ្យមានការអភិវឌ្ឍន៍ កែលម្អសោភ័ណភាព និងសមិទ្ធផលនានា ដូចជាអាគារសាលប្រជុំ គេហដ្ឋានមុខងារ អគារអន្តរាគមន៍ អគារប្រចាំការ បន្ទប់បរិភោគម្ហូបអាហារ ការិយាល័យជំនាញ ដើម្បីឱ្យក្លាយជាមជ្ឈមណ្ឌល់បណ្តុះបណ្តាលកសាងធនធានមនុស្ស កសាងថ្នាក់ដឹកនាំដ៏មានគុណភាពជាពិសេសនោះ គឺស័ក្កិសមជាកន្លែងបម្រើប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឱ្យដឹងថា ក្រោយពីលោកមកស្នងការនគរបាលនេះ គឺមានការខ្វះខាតជាច្រើន នូវអាគារសាលប្រជុំ និងអគារអន្តរាគមន៍ រួមទាំងការិយាយល័យផ្សេងៗ សម្រាប់ធ្វើការទើបបានគៀងគរសម្បុរសជន និងថវិការផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលទាំងនេះឱ្យបាន ដើម្បីសម្រួលដល់ការងារមន្រ្តីប៉ូលិស សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដែលបានឧបត្ថម្ភស៊ីម៉ងត៍មានចំនួន៥០តោន ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្របពេលតម្រូវការចាំបាច់ នៃដំណើរការសាងសង់សំណង់អគារផ្សេងៗ ដែលកំពុងតែសាងសង់ និងរួចរាល់ឆាប់ៗ នៅពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី រួមទាំងមន្រ្តីក្រោមឱវាទ មានចិត្តត្រេតអរក្រែលែងនូវអំណោយរបស់លោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងសូមគោរពជូនពរឱ្យសម្រេចជោគជ័យគ្រប់ភារកិច្ច ជៀសផុតពីមេរោគដ៏កាចសាហាវនេះ មានសុខភាពល្អទាំងក្រុមគ្រួសារ៕