(ភ្នំពេញ)៖ នៅចុងបញ្ចប់ នៃការបំពេញទស្សនកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកម្ពុជា។

អំឡុងទទួលនូវដំណើរទស្សនកិច្ចនេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ បានបង្ហាញដល់ លោក ដូមីនិក រ៉ាអាប់ នូវប្រវត្តិសាវតាររបស់មេដឹកនាំខ្មែរក្រហមដោយមាន ប៉ុល ពត ជាមេដឹកនាំ ព្រមទាំងប្រវត្តិនៃអ្នកទទួលខុសត្រូវខ្ពស់បំផុតដទៃទៀត ដែលត្រូវកាត់ទោសនៅក្នុងសាលាក្តីខ្មែរក្រហម។ ទន្ទឹមនឹងនេះដែរ លោក ឆាំង យុ បានបង្ហាញ និងរៀបរាប់អំពីពិព័រណ៍ស្តីពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាតំណាងដល់អ្នករស់រានមានជីវិតនៅទូទាំងប្រទេសសរុបជាង ៥លាននាក់។

លោក ឆាំង យុ បានបង្ហាញឯកសារដើម ដែលសាលាក្តីខ្មែរក្រហម បានប្រើប្រាស់ជាភស្តុតាង ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ឯកសារប្រមាណជាងកន្លះលាន ទៅកាន់សាលាក្តីខ្មែរក្រហម។ បន្ថែមពីនេះ លោក ឆាំង យុ ក៏បានជម្រាបដល់ប្រតិភូ អំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការបង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យឯកសារខ្មែរក្រហមនៅតាមបណ្តាខេត្តនានា ដែលស្របតាមការចង់បានរបស់ដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហម។

លោកអះអាងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហមទាំងនេះ បម្រើដល់ការផ្សព្វផ្សាយ បន្តការសិក្សាស្រាវជ្រាវអំពីប្រធានបទនានាជុំវិញប្រវត្តិសាស្ត្រខ្មែរក្រហម ព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលរបស់សាលក្តីខ្មែរក្រហមនិងអប់រំដល់មនុស្សជំនាន់ក្រោយ ដើម្បីបញ្ចៀសការកកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មដទៃទៀតនាពេលអនាគត។

លោក ឆាំង យុ បានបន្តបង្ហាញផែនទីនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម ព្រមទាំងទីតាំងស្រាវជ្រាវតាមបណ្តាខេត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ដូចជាចែករំលែកនូវផែនការយុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជូនដល់គណៈប្រតិភូថែមទៀតផង។ ផែនការយុទ្ធរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សំដៅជំរុញនិងបន្តការងារប្រមែប្រមូលចងក្រងឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងផ្តោតលើការថែទាំសុខភាពអ្នករស់រានមានជីវិតពីរបបក្រហម។

មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលប្រកាន់ខ្ជាប់នូវ ៣កុំនិង៣ការពារ ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្តល់ជាឯកសារបញ្ជាក់លទ្ធផលអវិជ្ជមាននៃតេស្តកូវីដ-១៩ គ្រប់ៗគ្នា។ មជ្ឈមណ្ឌលកម្ពុជា ក៏បាននិងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ៣ការពារដែរ៕