(ភ្នំពេញ)៖ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស តាមរយៈ Facebook Page ផ្លូវការរបស់លោកបានបញ្ជាក់នៅថ្ងៃទី១៧ ខែមីនានេះថា សាលារាជធានីភ្នំពេញ បាននឹងកំពុងជំរុញការ សាងសង់គម្រោងផ្លូវថ្មើរជើង តាមច្រាំងទន្លេដោយតភ្ចាប់ ចាប់ពីបញ្ចរព័ត៌មានទេសចរណ៍ មុខព្រះបរមរាជវាំង រហូតដល់ស្ពានព្រះមុនីវង្ស ដែលចែកចេញជាពីរដំណាក់កាល។
ពាក់ព័ន្ធនឹងគម្រោងនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញ ក្រោមឱវាទសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនាម្សិលមិញ បានចុះពិនិត្យការស្ថាបនាផ្លូវថ្មើជើង និងច្រាំងទន្លេ ចាប់ពីបញ្ជរព័ត៌មានទេសចរណ៍ មុខព្រះបរមរាជវាំង ដល់ស្ពានភ្លោះកោះពេជ្រ។
លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង Facebook យ៉ាងថា «រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជំរញសាងសង់ គម្រោងផ្លូវថ្មើរជើង តាមច្រាំងទន្លេដោយតភ្ចាប់ ចាប់ពីបញ្ចរព័ត៌មានទេសចរណ៍មុខព្រះបរមរាជវាំង រហូតដល់ស្ពានព្រះមុនីវង្ស។ គម្រោងនេះ លាតសន្ធឹងតាមដងមាត់ច្រាំងទន្លេចតុមុខ ដែលមានប្រវែងសរុប ៤,១៥០ម៉ែត្រ នឹងចែកជា ២ដំណាក់កាលគឺ ៖ ដំណាក់កាលទី១: ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ ដែលមានប្រវែងសរុបប្រហែល ៩៥០ម៉ែត្រ និងទទឹងចាប់ពី ៧ម៉ែត្រ ដល់១៥ម៉ែត្រ។ រដ្ឋបាលរាជធានីភ្នំពេញរំពឹងថា គម្រោងស្ថាបនាផ្លូវថ្មើរជើងថ្មីនេះ នឹងចូលរួមលើកសោភ័ណភាពរាជធានីបន្ថែមទៀត និងសម្រួលដល់ការដើរកំសាន្ដ ព្រមទាំងផ្ដល់ជាទីធ្លាហាត់ប្រាណសាធារណៈ ដល់ភ្ញៀវទេសចរណ៍នានា នៅតាមដងទន្លេចតុមុខ»៕