(កំពង់ឆ្នាំង)៖ កុមារីអាយុ៨ឆ្នាំ រងគ្រោះដោយឪពុកបង្កើតចាប់រំលោភ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានទទួលថវិកាចំនួន ២លានរៀល និងភេសជ្ជៈមួយចំនួន ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងយកទៅប្រគល់ជូនកុមារីរង គ្រោះដោយផ្ទាល់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានថ្លែងថា ដោយមើលឃើញពីការលំបាករបស់កុមារីរងគ្រោះដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានជួយឧបត្ថម្ភដល់កុមារីរងគ្រោះនូវទឹកប្រាក់ចំនួន ២លានរៀល រួមទាំងទឹក ដោះគោ ស្កសរ ទឹកសេរ៉ូ និងទឹកក្រូចចំនួន៣កេសផងដែរ។
ជាមួយនឹងនេះ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ក៏បានជួយឧបត្ថម្ភនូវទឹកក្រូចចំនួន១០កេសជូនដល់ក្រុ មគ្រូពេទ្យនៅក្នុងអគារសម្ភព ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលកុមារីរងគ្រោះរហូតបានជាសះស្បើយ។
ក្នុងឱកាសនោះ លោកវិជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់លោកស្នងការ ស្នងការរង ដែលបាននាំយកអំណោយជាភេសជ្ជៈ ជូនដល់ក្រុមគ្រូពេទ្យនាពេលនេះ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១ កុមារីអាយុ៨ឆ្នាំ មានទីលំនៅស្រុកសាមគ្គីមានជ័យ បានរងគ្រោះដោយឪពុកបង្កើត ឈ្មោះ សេង ចន្ឋី អាយុ២៨ឆ្នាំ ចាប់រំលោភបានសម្រេចបណ្ដាលឱ្យកុមារីរងគ្រោះរងរបួសជាទម្ងន់ហើយត្រូវបានដឹកយកមកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យត្រូវបានប៉ូលិស តាមចាប់ខ្លួនបាននៅថ្ងៃទី១៧ ខែមិថុនា គឺក្រោយកើតហេតុ២ថ្ងៃ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕