(កំពង់ឆ្នាំង)៖ ក្រុមគ្រូពេទ្យកំពង់ឆ្នាំង បានជួយសម្រាលកូនស្ត្រីម្នាក់ មានវិជ្ជមានជំងឺកូវីដ១៩ បានដោយជោគជ័យ ក្រោយមកដល់មន្ទីរពេទ្យខេត្តភ្លាម ក្រុមគ្រូពេទ្យផ្នែកទទួលជំងឺដំបូង ក៏បានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយស្ត្រីមានផ្ទៃពោះគ្រប់ខែខាងនេះទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។
ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានមកសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែមិថុនឆ្នាំ២០២១។
ភ្លាមនោះក្រុមគ្រូពេទ្យផ្នែកសម្ភពបានរៀបចំឱ្យស្ត្រីរូបនេះធ្វើការសម្រាលនៅអគារវះកាត់ជំងឺឆ្លង ដោយមានការយកចិត្តទុកដាក់ថែទាំពីក្រុមគ្រូពេទ្យជំនាញផ្នែកបង្កើតកូន។ បន្ទាប់មកស្ត្រីខាងលើក៏សម្រាលបានទារិកាទម្ងន់ ២,៨០០ក្រាម នៅវេលាម៉ោង១៤៖៥០នាទី ថ្ងៃខែឆ្នាំដដែល ដោយសុវត្ថិភាព និងមិនមានប៉ះពាល់ដល់សុខភាពឡើយ។
បច្ចុប្បន្ន មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានត្រៀមលក្ខណៈគ្រប់គ្រាន់ និងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋទាំងអស់ ដោយមិនឱ្យពួកគាត់មានការព្រួយបារម្ភអ្វីឡើយ។
ឆ្លៀតក្នុងឱកាសនេះថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើមានជំងឺដង្កាត់ផ្សេងៗសូមរួសរាន់មកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីក្រុមគ្រូពេទ្យ និងជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលា។ ម្យ៉ាង ទៀត សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺកូវីដទាំងអស់គ្នា ដោយអនុវត្តវិធានការណ៍ «៣កុំ និង៣ការពារ»៕