(តាកែវ)៖ អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជូនជនដៃដល់៣នាក់ទៅសាលាដំបូងខេត្ដតាកែវ ក្រោយចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្ដទៅនៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ឆាយ កែវមុនី អធិការនគរបាលស្រុកបាទី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយចាប់ខ្លួនកាលពីថ្ងៃទី២២ ខែមិថុនាម្សិលមិញ ជនដៃដល់ទាំង៣នាក់នេះ ក្រោយនគរបាលយុត្តិមធ៌បញ្ចប់ការសួរនាំ ត្រូវបានជំនាញបញ្ជូនទៅតុលាការនៅព្រឹកនេះ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមជម្រាបថា ជនដៃដល់ទាំង៣នាក់ ដែលត្រូវចាប់ខ្លួនបាននេះ ទី១៖ឈ្មោះ ម៉ម សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី, ទី២៖ឈ្មោះ ម៉ម សីហា ភេទប្រុស អាយុ១៩ឆ្នាំ បងប្អូនបង្កើតទីលំនៅកន្លែងកើតហេតុ និងទី៣៖ឈ្មោះ ឌឹម ប្រុស ហៅរាជ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកន្លែងកើតហេតុ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ អាយុ២៧ឆ្នាំ នៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យរងរបួសជាច្រើនកន្លែង និងដាច់ករដៃចំហៀងខាងឆ្វេងស្លាប់ភ្លាមៗ ដោយមូលហេតុទំនាស់ពាក្យសម្តីពេលលេងបាល់ទះមុនពេលកើតហេតុ។
ក្រោយកើតហេតុជនសង្ស័យទាំង៣នាក់ បានជិះម៉ូតូគេចខ្លួនទៅផ្ទះឈ្មោះ ម៉ម រស់ ភេទស្រី អាយុ៥៤ឆ្នាំ នៅភូមិភ្នំតូច ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ជាម្តាយធំរួចលាក់វត្ថុតាងកាំបិតផ្គាក់ នៅទីនោះរួចប្តូរយកម៉ូតូម្ចាស់ផ្ទះជិះគេចខ្លួនទៅផ្ទះឈ្មោះ ទ្រី ភេទប្រុស ត្រូវជាបងជីដូនមួយនៅម្តុំអូរត្រែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតដល់ម៉ោង៥ទាបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យទាំង៣នាក់ បានជិះរថយន្តឈ្នួលទៅខេត្តបាត់ដំបង ផ្ទះរបស់ឈ្មោះ ប៉ូច ឈាង ជាម្តាយឈ្មោះ ទ្រី នៅភូមិដំណាក់ត្រាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជាអាជ្ញាខេត្តតាកែវ ចុះស្រាវជ្រាវជនសង្ស័យទាំង៣ បានគេចខ្លួនមកភ្នំពេញវិញ។
លុះដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឌឹម ប្រុស ហៅរាជ ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្នុងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ដដែល វេលាម៉ោង១០យប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមដានរកកន្លែងលាក់ខ្លួន តាមរយៈលេខទូរស័ព្ទរបស់ជនសង្ស័យ ទើបដឹងថា ជនសង្ស័យទាំង២នាក់កំពុងស្នាក់នៅលាក់ខ្លួន នៅផ្ទះសំណាក់យីហោ ហេង ហេង (ភ្នំពេញ) ពេលកម្លាំងទៅដល់ផ្ទះសំណាក់ជនសង្ស័យទាំង២ បានគេចខ្លួនពីផ្ទះសំណាក់ផុតបាត់ទៅហើយ។
លុះដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមដានរកកន្លែងលាក់ខ្លួនតាមរយៈលេខទូរស័ព្ទរបស់ជនសង្ស័យ រហូតដល់ម៉ោង៣៖២០នាទីរសៀល ទើបកម្លាំងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ម សម្បត្តិ ជនដៃដល់ និងឈ្មោះ ម៉ម សីហា ប្អូនបង្កើតជាបក្សពួកនៅចំណុចវាលស្រែខាងត្បូងភូមិភ្នំតូច ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ និងដកហូតវត្ថុតាងកាំបិតផ្គាក់ក្រង៉ុកដងឬស្សីប្រវែង៤តឹក និងផ្លែប្រវែង៣តឹក៧ហ៊ុន។ ក្រោយចាប់ខ្លួនបានបញ្ជូនទៅសួរនាំបន្ដ នៅអធិការដ្ឋាននគរបាលស្រុកបាទី៕