(ព្រៃវែង)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមដំណើរដោយលោក ទន់ សារ៉ាត រដ្ឋលេខាធិការ, លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អៀង ជេដ្ឋ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង។
លោក អៀង ជេដ្ឋ បានទទួលមរណភាព កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៖៥៤នាទីយប់ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ ហើយសពត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ស្ថិតភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងការចូលរួមរំលែកទុក្ខ ជាមួយលោកស្រី នួន ណាវី និងក្រុមគ្រួសារ ដែលបានបាត់បង់រូប លោក អៀង ជេដ្ឋ។
រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ចាត់ទុកមរណភាពនេះ គឺជាការបាត់បង់នូវមន្ត្រី ដែលមានស្នាដៃមួយរូប ដែលត្រូវជាស្វាមី ជាបិតា បិតាក្មេក និងជាជីតា ជាទីគោរពស្រឡាញ់ បំផុត របស់ក្រុមគ្រួសារទាំងអស់ នៃសព ដែលជានិច្ចកាល តែងបានលះបង់ខ្ពស់ទាំងកម្លាំង កាយ ចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗ ជាទីស្រឡាញ់ និងបានចូលរួមចំណែកយ៉ាងធំធេង នៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបួងសួងសូមឲ្យវិញ្ញាណក្ខ័ន្ធ របស់លោក អៀង ជេដ្ឋ ជាទី គោរពស្រឡាញ់ បានទៅសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕