(ភ្នំពេញ)៖ ម្ចាស់អាជីវកម្មបូមខ្សាច់ KPY Development Group Co,. Ltd បានចោទ ក្រុមសន្តិសុខសាលាខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក ប៉ែន ហាន តួនាទីជាអនុប្រធានសន្តិសុខ ក្រោយពីលើកគ្នាមកកាប់ទុយោបូមខ្សាច់ជាកង់ៗ ហើយលើកដាក់លើរថយន្ត ទាំងមិនដឹងមូលហេតុ ព្រមទាំងបានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការទាមទារសំណងប្រមាណ១០ម៉ឺនដុល្លារទៀតផង។ យ៉ាងណាក៏ដោយចំពោះការដាក់ពាក្យបណ្តឹងខាងលើនេះ ត្រូវបានមន្រ្តីសាលាខណ្ឌជ្រោយចង្វារ ឆ្លើយតបវិញថា ស្រេចតែភាគីក្រុមហ៊ុនទៅចុះ ខណៈសាលាខណ្ឌក៏បានរាយការណ៍ ទៅសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យមេធាវីចេញមកការពារក្តី តាមនីតិវិធីច្បាប់។
យោងតាមពាក្យបណ្តឹងរបស់លោក ឯល គ្រីយ៉ា អាយុ៣០ឆ្នាំ ដែលជានាយកក្រុមហ៊ុន KPY Development Group Co,. Ltd បានឲ្យដឹងថា «កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ឈ្មោះ ប៉ែន ហាន តួនាទីជាអនុប្រធានសន្តិសុខ ខណ្ឌជ្រោយចង្វារ និងបក្ខពួកមួយចំនួន បានធ្វើសកម្មភាពវាយ កម្ទេចទុយោបូមខ្សាច់របស់ក្រុមហ៊ុន ដែលកំពុងធ្វើការបូមខ្សាច់នៅទីតាំងភូមិព្រែកតាសេក សង្កាត់តាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមិនមានដឹងមូលហេតុ ធ្វើឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់អ្នកស្រុក ដែលរស់នៅតំបន់នោះ ថែមទៀតផង»។
លោក ឯល គ្រីយ៉ា បានបញ្ជាក់ថា លោកបានដាក់ពាក្យប្តឹងទៅលើមន្ត្រីសន្តិសុខសាលាខណ្ឌជ្រោយចង្វារ ចូលទៅព្រះរាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ហើយដោយចោទពីបទ «បំផ្លិចបំផ្លាញ និងលួចទ្រព្យសម្បត្តិ»។ លោកបានឲ្យដឹងបន្តទៀតថា ក្រុមហ៊ុនរបស់លោកចំនួន២ បានមកបូមខ្សាច់ នៅទីតាំងខាងលើអស់រយៈពេល០៣ឆ្នាំមកហើយ ដោយបានទទួលអាជ្ញាប័ណ្ណបន្តពីក្រុមហ៊ុន តាំង គឹមអេង ដើម្បីបូមខ្សាច់ផ្គត់ផ្គង់ លើគម្រោងអភិវឌ្ឍន៍ក្រុមហ៊ុន OCIC រហូតមកទល់បច្ចុប្បន្ន។
ចំពោះការលើកឡើងបែបនេះ ត្រូវបានមន្រ្តីសាលាខណ្ឌជ្រោយចង្វារ ចេញមកបដិសេធភ្លាមៗ ដោយអះអាងថា មកពីក្រុមហ៊ុន មិនបានជូនដំណឹងដល់ភូមិ-សង្កាត់ ហើយបានដាក់ទុយោបង្កឲ្យមានទីទួល ដែលនាំឲ្យកើតមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។ មន្រ្តីសាលាខណ្ឌជ្រោយចង្វារ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះថា «ក្រុមហ៊ុនមួយនេះ មានអាជ្ញាប័ណ្ណហើយ តែមិនដែលមកសហការជាមួយយើងនោះទេ ពោលនៅពេលដាក់ទុយោបូមខ្សាច់ម្តងៗ នៅកន្លែងណាក៏ដោយ ក៏មិនដែលរាយការណ៍ និងជូនដំណឹងមកភូមិ-សង្កាត់ និងខណ្ឌនោះទេ ពួកគេចង់ដាក់បូមកន្លែងណាស្រេចតែគេ ដូច្នេះហើយយើងក៏ប្រើវិធានរដ្ឋបាលចុះទៅប្រមូលយកទុយោមកដាក់សាលាខណ្ឌ រង់ចាំឲ្យតំណាងក្រុមហ៊ុម ចូលខ្លួនមកដោះស្រាយ និងបង្ហាញច្បាប់ទម្លាប់ តែមកដល់ពេលនេះ មិនទាន់ឃើញពួកគេចូលខ្លួនឡើយ ថែមទាំងបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការទៀតផង»។
មន្រ្តីសាលាខណ្ឌបានបញ្ជាក់ទៀតថា «គាត់មកបូមឲ្យក្រុមហ៊ុនយើងមិនបានដឹងនោះឡើយ ទើបតែមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ពីព្រោះមានទួលបង្កប់ទុយោបូមខ្សាច់ ទើបដឹងហើយក៏ចុះទៅដោះស្រាយភ្លាមៗតែម្តង»។ប្រធានក្រុមហ៊ុនបានបញ្ជាក់ថា ករណីនេះលោកស្នើសុំ ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការដាក់ទោសទណ្ឌសន្តិសុខ និងបក្ខពួកខាងលើ ទៅតាមផ្លូវច្បាប់ និងប្តឹងទារសំណងជំងឺចិត្តចំពោះការខូចខាតសម្ភារ ក្រុមហ៊ុនចំនួន១០០,០០០$។
សូមជម្រាបថា ក្រោយពីដាក់ពាក្យបណ្តឹងខាងលើ ព្រះរាជអាជ្ញារអមសាលាដំបូង បានកោះហៅសន្តិសុខ និងបក្ខពួកខាងលើនោះ មកចូលខ្លួនបំភ្លឺម្តងរួចទៅហើយ ក៏ប៉ុន្តែសន្តិសុខរូបនេះ មិនព្រមចូលខ្លួនបំភ្លឺ តាមការកោះហៅនោះទេ។ ចំពោះការដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញខាងលើនេះ មន្រ្តីសាលាខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ចំពោះការដាក់ពាក្យបណ្តឹង គឺជាសិទ្ធិរបស់ក្រុមហ៊ុន តែអាជ្ញាធរក៏មានរបាយការណ៍ និងមានហេតុផលតាមច្បាប់ផងដែរ៕