(ភ្នំពេញ)៖ ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានទម្លាយថា រូបភាពរបស់តួឯកប្រុសស្រី ក្នុងសំឡេងខ្សែអាត់ សម្លេងដែលបែកធ្លាយលើ Facebook កន្លងទៅ ត្រូវបានខាងព្រលានយន្តហោះ និងសណ្ឋាគារនៅក្រុងបាងកក ប្រទេសថៃ មានកាមេរ៉ាថតទុក រួចស្រេចហើយ ព្រមទាំងបានព្រមានកុំឲ្យអ្នកដទៃលូកដៃទៀតនោះ, នៅរសៀលថ្ងៃដដែលនេះលោក ស្រី ចំរើន បានថ្លែងប្រាប់ឲ្យដឹងថា នៅថ្ងៃស្អែកទី១៨ ខែមីនា វេលារសៀលម៉ោង៣៖០០នាទី តំណាងប្រជាពលរដ្ឋ, យុវជន និងនិស្សិត នឹងដាក់ពាក្យបណ្តឹងទៅ កាន់ប្រឆាំងអំពើរពុករលួយ ដើម្បីស្វែងរកពិត និងអំពើពុករលួយថា តើលោក កឹម សុខា បានលុយមកពីណា។
លោក ស្រី ចំរើន បានបញ្ជាក់ប្រាប់ Fresh News ថា៖ ការដាក់ពាក្យបណ្តឹងនេះក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយការពិត នៃខ្សែអាត់សំលេងនោះ បើពិតជាលោក កឹម សុខា មែន តើលោកបានលុយមកពីណាមកទិញផ្ទះ តម្លៃរ៉ាប់ម៉ឺនដុល្លារ និងផ្តល់លុយឲ្យស្រីស្នេហ៍ (នេះបើយោងតាមអត្ថន័យក្នុងខ្សែអាត់សម្លេង ដែលបែកធ្លាយ)។ យើងប្តឹងក្នុងនាមប្រជាពលរដ្ឋ និងយុវជន
ព្រោះលោក កឹម សុខា ជាតំណាងរាស្រ្តរបស់កម្ពុជា។
សូមជំរាបថា យោងតាម Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី១៧ ខែមីនា បានបង្ហោះសារសម្លេងឆ្លងឆ្លើយ រហូតដល់វគ្គទី៣១ វគ្គចំណុចលោក កឹម សុខា ទាក់ទងស្រីម្នាក់ថ្មីម្នាក់ទៀត ឈ្មោះ អាពៅ ដើម្បីកំដរតណ្ហា។ (សំឡេងសារសងគ្នានៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២)៕