(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានរៀបចំកម្មវិធីជួបជុំដៃគូពាណិជ្ជកម្ម ដើម្បីដាក់បង្ហាញទូរស័ព្ទ Samsung Galaxy S7 edge និង Galaxy S7 ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០១៦ នេះ ក្នុងសណ្ឋាគារ Raffle Le Royal ខណៈពេលដែលការកុម្ម៉ង់ទិញទូរស័ព្ទ ទាំងពីរស៊េរីនេះកំពុងតែមានការកើនឡើង លើសពីការរំពឹងទុកទាំងនៅក្នុងប្រទេសកម្ពុជា និង នៅជុំវិញពិភពលោក។
ទូរស័ព្ទ Galaxy S7 edge និង Galaxy S7 ដ៏ទំនើប និងថ្មីបំផុតរបស់ Samsung កំពុងតែមានភាពល្បីល្បាញ និងលេចធ្លោនៅទូទាំងប្រទេស ដោយបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ របស់ទូរស័ព្ទម៉ូឌែលថ្មីនេះ បានធ្វើអោយអតិថិជន និងអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ក្នុងការក្លាយជាម្ចាស់ Smartphone ម៉ូឌែលថ្មីនេះ។
Galaxy S7 edge និង Galaxy S7 ជាកំពូលស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន Samsung ដែលបំពាក់ Hybrid Slot ប្រើប្រាស់ស៊ីមពីរ ឬបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB បាន។ ស្មាតហ្វូនទាំងពីរ ក៏បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68 ដែលការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 (Aperture 1.7) ដែលអាចថតរូបមានច្បាស់និង មានគុណភាពបំផុតដូចកាមេរ៉ាអាជីព។
សម្រាប់អតិថិជនទាំងអស់ ដែលជាវកំពូលស្មាតហ្វូន Galaxy S7 edge ឬ Galaxy S7 នៅក្នុងពិធីតាំងលក់នៅផ្សារទំនើបសុរិយា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ចាប់តាំពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច លោកអ្នកនឹងទទួលបាន Gear VR ដែលមានតម្លៃ ១៣០ដុល្លារ ចំនួនមួយគ្រឿងដោយឥតគិតថ្លៃ និងមានឱកាសឈ្នះបណ្ណទឹកប្រាក់ ១០០ដុល្លារ។ បន្ថែមពីនេះ លោកអ្នកក៏ទទួលបាននូវស៊ីមកាតពីក្រុមហ៊ុន Cellcard ដែលមានទឹកប្រាក់រហូតដល់ទៅ ៧២០ដុល្លារ និងអ៉ីធឺណែតចំនួន 6GB អត្រាការប្រាក់ 0% សម្រាប់ការបង់រំលស់ ជាមួយមីក្រូហិរញ្ញវត្ថុ AEON ផងដែរ។
យោងតាមគេហទំព័រ IDC Analyze the future បានឲ្យដឹងថា Samsung នៅតែជាក្រុមហ៊ុនទូរស័ទ្ទលេខ១ ក្នុងពិភពលោក ដែលលក់បាន 85.6លានគ្រឿង នៅក្នុងត្រីមាសទី៤ ក្នុងឆ្នាំ២០១៥ កើនឡើង ១៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន៕