(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជានិវត្តន៍ មកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព និងជោគជ័យនៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសអូស្រ្តាលី ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាអូស្រ្តាលី។
គេហទំព័រផ្លូវការរបស់រដ្ឋសភាបានឲ្យដឹងថា ដំណើរទស្សនកិច្ចនោះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទំាងពីរ កម្ពុជា-អូស្រ្តាលី។ ក្នុងអំឡុងពេល ទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា បានជូបពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភា រដ្ឋសភាអូស្រ្តាលី។ ចំណែកសមាជិកគណៈប្រតិភូអមដំណើរ សម្តេចប្រធាន បានជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំគណៈកម្មការ ជំនាញរបស់សភាអូស្រ្តាលី ផងដែរ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា «អ្វីដែលជាការកត់សម្គាល់ គឺនៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ សម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញធ្វើទស្សនកិច្ច ដកស្រង់បទពិសោធន៍ផ្ទាល់ នៅក្នុងសម័យប្រជុំរដ្ឋសភាអូស្រ្តាលី ដែលមានការសួរដេញដោល រវាងរដ្ឋាភិបាល និងសមាជិកសភាអូស្រ្តាលី។ សម្តេចពញាចក្រី ហេង សំរិន បានចាប់អារម្មណ៍ជាខ្លំាង ក្នុងព្រឹត្តិការណ៍នោះ»៕