(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការទទួលបាន Like មួយចំនួនពីពលរដ្ឋនៅប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀត នៅលើទំព័រ Facebook ថាជារឿងគួរឱ្យរីករាយ និងមោទនភាពសម្រាប់នាយករដ្ឋមន្រ្តីខ្មែរ ដែលត្រូវបានប្រជាជនបរទេសទាំងនោះទទួលស្គាល់។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំទៅដឹងអីថា នរណា Like មកពីណា រួចចាប់ផ្តើមបង្ហោះថាអញ្ចឹង យី! បើខ្ញុំទៅទិញនៅឥណ្ឌាបាន គឺខ្លាំងមែនទែនតែម្តង ប៉ុន្តែខ្ញុំសប្បាយចិត្តទៅវិញទេ សប្បាយចិត្តត្រង់ថា ខ្ញុំ “ហ៊ុនសែន” ត្រូវបានប្រជាជននៅឥណ្ឌា និងនៅក្រៅប្រទេស ទទួលស្គាល់ថា ជានាយករដ្ឋមន្រ្តីរបស់កម្ពុជា»។
កាលពីពេលថ្មីៗនេះ កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់ការវិភាគលើគេហទំព័រ socialbakers.com ដែលថា ជាងពាក់កណ្តាលនៃចំនួន «Likes» ដែលមាននៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលមួយខែមកនេះបានមកពីបរទេស រួមទាំងចំនួនយ៉ាងច្រើនពីឥណ្ឌា និងហ្វីលីពីន។ កាសែតនេះ បានផ្សាយថាចំនួនអ្នកគាំទ្រ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន ៧៧៩ ០០០បន្ថែមនៅក្នុង១ខែកន្លងទៅក្នុងនោះ មានតែ ១៥៧ ៣៣១ ប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា។
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលអតីតធ្លាប់ជាអ្នកទទួលបាន Like ច្រើនជាងគេ ក្នុងចំណោមអ្នកនយោបាយនានានៅកម្ពុជា ដែលពេលនេះទៅវិញនោះ បានផ្សព្វផ្សាយពីរឿងនេះ នៅលើ Facebook របស់លោក។ លោក សម រង្ស៊ី បានលើកឡើងថា «កាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃ៩ មីនា ២០១៦ បានឲ្យដឹងថា មនុស្សជាង ២៥ម៉ឺននាក់ នៅប្រទេសឥណ្ឌា បានត្រូវគេជួលឲ្យ Like ទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មកដល់ថ្ងៃនេះ (១២ មីនា ២០១៦) ចំនួននេះបានកើនរហូតដល់ទៅជាង ៣៥ ម៉ឺននាក់!»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការចូលរួមចែកចាយ និងព្យាយាមផ្សព្វផ្សាយ ជាចេតនាមិនល្អមួយ ក្នុងការវាយប្រហារចំពោះសម្តេច ហើយធ្វើឡើងក្នុងន័យមិនស្វាគមន៍ចំពោះ ការទទួលបាន Like ពីប្រជាពលរដ្ឋនៅក្រៅប្រទេស។
សម្តេចលើកឡើងថា «នាយករដ្ឋមន្រ្តីខ្មែរ ខ្មែរយើងបានស្គាល់មួយប្រទេស ហើយថែមទាំងបរទេសគេជួយ Like ឱ្យ Facebook នាយករដ្ឋមន្រ្តី ខ្មែរទៀត ម៉េចក៏មិនស្វាគមន៍ ឬទាល់តែគេជេរ ហ៊ុន សែន បានស្វាគមន៍ឬអី? ឥឡូវនេះចង់នរណាLike (ខ្ញុំ) ក៏តាមចិត្តនោះគឺជាសិទ្ធិរបស់គេ...វាទៅជាខ្ញុំទិញLike យី ! លេងចាញ់ឯង លេងចាញ់គេ មិនព្រមទទួលស្គាល់ចាញ់! »។
ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទំព័រ Facebook អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានវាយទម្លាក់ចំណាត់ថ្នាក់របស់ Facebook លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ឱ្យនៅត្រឹមលេខរៀងទី២ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។ ខណៈពេលនេះ Facebook របស់អ្នកទាំងពីរ មានគម្លាតពីគ្នាប្រមាណ ១លាន Like ខណៈដែលFacebook សម្តេចតេជោ ហ៊ុន សែន មានចំនួនជាង៣,២លាន Likes ហើយ Facebook របស់លោក សម រង្ស៊ី មាន ២,២លាន Likes។
ទន្ទឺមនឹងការប្រកាសម្តងទៀតថា ការលេង Facebook នាពេលនេះមិនមែនដើម្បីប្រកួតប្រជែង, សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ឥឡូវនេះ គ្រាន់តែការបង្ហោះរូបភាព នៅលើទំព័រ Facebook ក៏ទទួលបានការគាំទ្រ រាប់ម៉ឺន Likes ដែរ ហើយរូបភាពដែលទទួលបានការគាំទ្រ ច្រើននោះមានដូចជា រូបសម្តេចនៅមន្ទីរពេទ្យសិង្ហបុរី ដែលមានជាង១៨ម៉ឺន Likes និងរូបភរិយារបស់សម្តេចគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលរែកទឹកត្នោតនៅខេត្តសៀមរាប ដែលទទួលបានជាង១០ម៉ឺន Likes៕
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការទទួលបាន Like មួយចំនួននៅក្រៅប្រទេ...សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការទទួលបាន Like មួយចំនួននៅក្រៅប្រទេស ជាមោទនភាព របស់នាយករដ្ឋមន្រ្តីខ្មែរ(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការទទួលបាន Like មួយចំនួនពីពលរដ្ឋនៅប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀត នៅលើទំព័រFacebook ថាជារឿងគួរឱ្យរីករាយ និងមោទនភាពសម្រាប់នាយករដ្ឋមន្រ្តីខ្មែរ ដែលត្រូវបានប្រជាជនបរទេសទាំងនោះទទួលស្គាល់។
Posted by Fresh News on Thursday, March 17, 2016