(កំពង់ស្ពឺ)៖ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅខេត្តកំពង់ស្ពឺ បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរ និងផ្តល់វ៉ាក់សាំង ដើម្បីចាក់ជូនដល់ពួកគាត់ នាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក វ៉ី សំណាង បានឱ្យដឹងថា រដ្ឋបាលខេត្តបាននាំយកវ៉ាក់សាំងចំនួន ៥៥៧,២៩២ដូស ទៅប្រគល់ដល់ក្រុមគ្រូពេទ្យយោធា នៃក្រសួងការពារជាតិ ដើម្បីចាក់ជូនកម្មករ កម្មការិនី ដែលកំពុងបម្រើការងារក្នុងរោងចក្រ និងប្រជាពលរដ្ឋក្នុងខេត្ត។ វ៉ាក់សាំងនេះអាចចាក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋបានចំនួន ២៧៨,៦៤៦ នាក់ ប៉ុន្តែមិនទាន់បានគ្រប់គ្នានៅឡើយទេ ខណៈកម្មករ កម្មការិនី សរុបមានចំនួន ១៣ម៉ឺននាក់រួចហើយ។
លោក វ៉ី សំណាង បន្ថែមថា ថ្វីត្បិតវ៉ាក់សាំងចាក់មិនបានគ្រប់គ្នា តែយ៉ាងណាក៏បានជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅដល់កម្មករ កម្មការិនីក្នុងរោងចក្រ និងប្រជាពលរដ្ឋបានមួយផ្នែកផងដែរ។ ថ្វីត្បិតមិនគ្រប់ តែនេះជាជំហានដំបូងដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចតេជោ បានគិតគូរ និងប្រគល់ដល់ក្រុមគ្រូពេទ្យយោធា តាមរយៈក្រសួងសុខាភិបាល។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺទាំងមូល លោក មានសេចក្តីសោមនស្សរីករាយដូចកម្មករ កម្មការិនី និងសូមថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន, សម្ដេចពិជ័យសេនា ទៀ បាញ់, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន និងថ្នាក់ដឹកនាំកងទ័ព ដែលបានផ្តល់វ៉ាក់សាំង ក្រុមការងារក៏ដូចជាក្រុមគ្រូពេទ្យយោធាមកចូលរួមចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋក្នុងខេត្តឱ្យគេចផុតពីការឆ្លងជំងឺកូវីដ១៩៕