(ភ្នំពេញ)៖ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ ស្តីពីការកសាងនូវប្រព័ន្ធអេកូឡូស៊ី នៃវិស័យជំនាញ ដែលជំរុញដល់ការអភិវឌ្ឍឧស្សាហកម្ម ក្រោមអធិបតីភាពលោក ជា កុក ហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ។
កិច្ចពិភាក្សានោះមានការអញ្ជើញចូលរួមផងដែរពីឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម នៃកម្ពុជា, ឧកញ៉ា លូ ម៉េង ប្រធានសហព័ន្ធសណ្ឋាគារ និងភោជនីយដ្ឋាន, លោក តាន់ មូនីវណ្ណ អគ្គនាយករង ក្រុមហ៊ុន ម៉ុងប្ញទ្ធីគ្រុប, លោក លី តេកហេង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា, លោក ឡា វិបុល នាយកសាលា LICE, លោក ហ៊ាន សំបឿន នាយកសាលា NIPTICT, តំណាងមកពីសាលា Don Bosco, តំណាងសមាគម, តំណាងវិស័យឯកជន, តំណាងសាលាបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធជាច្រើនទៀត ប្រមាណ ៣៥នាក់។
កិច្ចប្រជុំបានធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាឱ្យបានស៊ីជម្រៅ និងប្រមូលធាតុចូលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជន និងមូលនិធិអភិវឌ្ឍន៍ជំនាញ សម្រាប់ជាជំនួយក្នុងការកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យជំនាញ ដែលជំរុញដល់ការអភិវឌ្ឍឧស្សាហកម្ម។
ជាលទ្ធផលនៃកិច្ចប្រជុំ គឺបានទទួលធាតុចូលសំខាន់ៗជាច្រើន សម្រាប់ជាជំនួយក្នុងការរៀបចំច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពក្នុងការដោះស្រាយក្នុងប្រព័ន្ធ អេកូឡូស៊ីនៃវីស័យជំនាញក្នុងឆ្នាំ២០២២។
លោក ជា កុក ហុង បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលបានចូលរួមផ្តល់មតិយោបល់ និងធាតុចូលសំខាន់ៗ ក្នុងកិច្ចប្រជុំនេះ ព្រមទាំងលើកទឹកចិត្តក្នុងការជួយផ្សព្វផ្សាយមូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីឱ្យស្ថាប័នឯកជនទាំងអស់ អាចទទួលបានផលប្រយោជន៍ពីមូលនិធិនេះ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍវិស័យជំនាញសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕