(កណ្តាល)៖ កសិដ្ឋានចិញ្ចឹមមាន់របស់កូនលោក ឈាង តាង មេឃុំព្រែកគយ នៅចំណុចខាងក្រោយផ្សារស្អាងខាងជើង ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា បានសង់រំលោភលើស្ទឹងរមៀចាប ហើយបានបង្កផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ពួកគាត់នៅទីនោះ។

ប្រជាពលរដ្ឋបានរិះគន់ថា លោក ឈាង តាង មានមុខតំណែងជាមេឃុំ ហើយក្នុងនាមជាអាជ្ញាធរ មិនគួរផ្តល់គំរូអាក្រក់ដល់ប្រជាពលរដ្ឋបែបនេះទេ ការបណ្តោយឲ្យកូនរបស់ខ្លួនសាងសង់កសិដ្ឋានចិញ្ចឹមមាន់រំលោភយកស្ទឹងរមៀចាប បានបង្កផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាការបើកផ្លូវនាំឲ្យមានចលនានាំគ្នាចាក់ដីលុប និងសាងសង់សំណង់អនាធិបតេយ្យធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គមទៀតផង។

ប្រជាពលរដ្ឋនិយាយថា កសិដ្ឋានចិញ្ចឹមមាន់របស់កូនលោកមេឃុំរូបនេះ បានជះក្លិនស្អុយ រុយរោមបង្កផលប៉ះពាល់ដល់សុខភាព និងសម្លេងមាន់ញ៉ោកញ៉ាកដែលបង្កឡើងដោយសារកសិដ្ឋាននេះ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវលំ ក៏រងផលប៉ះពាល់បរិស្ថានផងដែរ ដោយសារការដឹកជញ្ជូនសត្វមាន់ទៅកន្លែងសត្វឃាតមាន់នៅកសិដ្ឋានរបស់កូនលោក ឈាង តាងនោះ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ, លោក ឈាង តាង មេឃុំព្រែកគយ បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ចំណុចទីតាំងកសិដ្ឋានចិញ្ចឹមមាន់របស់កូនគាត់ គឺជាដីមានប្លង់រឹង មិនពាក់ព័ន្ធស្ទឹងរមៀចាប ដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ។

ម្យ៉ាងទៀត បញ្ហាបរិស្ថានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ លោកថាកសិដ្ឋាននេះបង្កើតតាំងពីជាង១០ឆ្នាំមកហើយ មិនដែលមានប្រជាពលរដ្ឋត្អូញត្អែរពីក្លិនស្អុយបង្កផលប៉ះពាល់ដល់ពួកគាត់ដែរ ចំណែកការត្អូញត្អែរនោះ ប្រជាពលរដ្ឋទើបតែលើកឡើងថ្មីៗនេះទេ។

លោក ឈាង តាង ទទួលស្គាល់ថា នៅពេលថ្មីៗនេះ ក្លិនស្អុយដែលជះចេញពីកសិដ្ឋាន គឺមានប្រាកដមែន។ ក្លិនស្អុយនេះបានបង្កឡើងដោយសារទឹកជន់ឡើងលិចកសិដ្ឋានចិញ្ចឹមមាន់របស់កូនលោក ហើយថែមទាំងលិចផលដំណាំ និងផ្ទះប្រជាពលរដ្ឋ ព្រមទាំងផ្ទះរបស់លោកផងដែរ។ លោកថា ទឹកដែលជនលិចនេះ បង្កឡើងដោយសារការដ្ឋានខ្សាច់របស់ឈ្មោះ ពាល បានបង្ហូរទឹកចូលស្ទឹងរមៀចាបនេះ។

ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅទទូចស្នើសុំអាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកពិនិត្យលើការរំលោភយកស្ទឹងនេះ មកធ្វើជាកម្មសិទ្ធិ និងសូមឲ្យអនុវត្តច្បាប់លើកសិដ្ឋានចិញ្ចឹមមាន់នេះ។ ចំណែករឿងដែលលោក ឈាង តាង អះអាងថា កសិដ្ឋានរបស់កូនលោកមានប្លង់រឹងនោះ ប្រជាពលរដ្ឋស្នើឲ្យលោកបញ្ចេញប្លង់នេះឲ្យសាធារណៈជនបានឃើញផង ពីព្រោះប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងនោះ បាននិយាយថា ដីរបស់ពួកគាត់មិនទាន់មានប្លង់ទេ។

ពាក់ព័ន្ធនឹងការអះអាងរបស់លោក ឈាង តាង ដែលនិយាយថា ទីតាំងកសិដ្ឋានចិញ្ចឹមមាន់មានប្លង់រឹងនោះ, លោក ចាប ពលវឌ្ឍ ប្រធានភូមិបាលស្រុកស្អាង មិនទាន់អាចទាក់ទងបាននោះឡើយ ប៉ុន្តែបើយោងតាមមន្ត្រីសុយោដីស្រុកស្អាងម្នាក់ បានបញ្ជាក់ថា ដីស្ទឹងរមៀចាប មន្ត្រីជំនាញមិនអាចចុះបញ្ជីចេញប្លង់បានទេ ពីព្រោះជាដីរបស់រដ្ឋ៕