(កែប)៖ នៅក្នុងពិធីផ្សព្វផ្សាយតួនាទី ភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្នាក់រាជធានីខេត្ត និងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨ នៅសាលាខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកែប នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ជនពិការក៏ជាអតិថិជន ដែលមានសក្តានុពលសម្រាប់គ្រប់វិស័យ ពិសេសវិស័យ ទេសចរណ៍ ព្រោះថាបច្ចុប្បន្ននេះ កំរិតជីវភាពរបស់ជនពិការមួយចំនួន អាចមានលទ្ធភាពធ្វើដំណើរកំសាន្ត ជាលក្ខណៈគ្រួសារ ទៅតាមរមនីយដ្ឋានទេសចរណ៍នានា តួយ៉ាងដូចជា នៅក្នុងខេត្តកែបនេះជាដើម ដូច្នេះម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីដ្ឋាននានា គួរគប្បីរៀបចំបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការ អាចធ្វើដំណើរកំសាន្តបានដូចជាជម្រាល ធ្នាក់ដៃ បន្ទប់ទឹក កន្លែងចតយានយន្តជាដើម។
លោក ឯម ច័ន្ទមករា បានអំពាវនាវឲ្យប្រជាពលរដ្ឋសាធារណជន ផ្លាស់ប្តូរផ្នត់គំនិត ការរើសអើងជនពិការ ទៅជាការចូលរួមលើកកម្ពស់សិទ្ធិជនពិការ ដោយគ្មានការរើសអើង ដោយលោកបានសង្កត់ធ្ងន់ និងប្រៀបធៀបថា ប្រសិនបើជនពិការជិះឡានទំនើប ហើយទៅស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៥ ឯជនពិការជិះម៉ូតូកង់បី ចុះទៅស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៥ដូចគ្នានោះ ប្រហែលជាការផ្តល់សេវា ដល់ជនពិការដែលជិះឡានទំនើបនោះ ល្អជាងមើលទៅ ដែលនេះគឺជាផ្នត់គំនិតអវិជ្ជមានមួយ គួរត្រូវបានផ្លាស់ប្តូរ សូម្បីវណ្ណៈជនពិការ រវាងអ្នកមាននិងអ្នកក្រ។
អគ្គលេខាធិការ លោក ឯម ច័ន្ទមករា បន្ថែមទៀតថា ប្រសិនបើអាចធ្វើទៅបាន ខេត្តគួរសិក្សាពិនិត្យលទ្ធភាព រៀបចំឧបករណ៍ធ្វើយ៉ាងណា ឲ្យជនពិការជិះរទះអាច ទៅលេងទឹកសមុទ្រ ដូចមនុស្សទូទៅបាន ដោយគ្មានឧបសគ្គរារាំង ដើម្បីឆ្លើយតបទៅ និងយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ តែងបានអំពាវនាវ ឲ្យគ្រប់ក្រសួងស្ថាប័ន មន្ទីរពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ការរៀបចំបង្កលក្ខណងាយស្រួល និងទីចល័តចេញចូលតាមទីសាធារណៈ។
លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការខេត្តកែប បានណែនាំឲ្យគ្រប់មន្ទីរពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើការងារពិការភាព ពិសេសជម្រុញការជ្រើរើស ជនពិការឲ្យចូលបម្រើការងារតាមមន្ទីរ ស្ថាប័នពាក់ព័ន្ធ ឲ្យគ្រប់តាមគោលការណ៍ របស់រាជរដ្ឋាភិបាល ហើយនៅសាលាខេត្តកែបនេះ ក៏មានជនពិការកំពុងតែម្រើការផងដែរ ដូចជាកញ្ញា ដានី ដែលទទួលក្របខ័ណ្ឌពិសេស ដោយផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី។
លោកអភិបាលខេត្ត ក៏បានជម្រុញឲ្យមន្ទីរស្ថាប័ន ពាក់ព័ន្ធគិតអំពីការកែរសម្រួលសំណង់ អគាសាធារណៈរបស់រដ្ឋ ឲ្យមានលក្ខណៈងាយស្រួល សម្រាប់ជនពិការ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក៏ដូចជាចំណាត់ថ្នាក់ សេវាល្អរបស់ក្រសួងទេសចរណ៍ផងដែរ។
លោក កែន សត្ថា ក៏បានណែនាំឲ្យមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធឲ្យជួយផ្តល់ការបណ្តុះបណ្តាល ជំនាញជូនដល់ជនពិការក្រីក្រ ដើម្បីមានលទ្ធភាពទៅប្រកបមុខ របរចិញ្ជឹមជីវិតឲ្យបានសមរម្យ។
គួរបញ្ជាក់ផងដែរថា នេះគឺជាខេត្តទី១៥ ហើយដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា និងសាលាខេត្តនានា រៀបចំពិធីផ្សព្វផ្សាយតួនាទី ភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្នាក់ក្រោមជាតិបន្ទាប់ពីការប្រកាសជាផ្លូវការ ដាក់ឲ្យប្រើប្រាស់យផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ៕